ព័ត៌មានអន្តរជាតិ

អាមេរិក លើកទ្បើងពីភ័ស្តុតាងថា នឹងមានការប្រើអាវុធគីមី វាយប្រហារនៅស៊ីរី

អាមេរិកៈ ប្រេសិតអាមេរិកថ្មីប្រចាំនៅប្រទេសស៊ីរី បាននិយាយថា មានភ័ស្តុតាងជាច្រើន ដែលអាចអះអាងថា កងកម្លាំងរដ្ឋាភិបាលស៊ីរី កំពុងរៀបចំប្រើប្រាស់អាវុធគីមី ដើម្បីវាយលុកនៅខេត្ត Idlib។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨។

ដោយលោក Jim Jeffrey បាននិយាយថា ការវាយលុកប្រឆាំងរបស់រដ្ឋាភិបាល នៅតំបន់ដែលកាន់កាប់ ដោយឧទ្ទាមដ៏សំខាន់ចុងក្រោយ នៅក្នុងខេត្ត Idlib នឹងអាចក្លាយជាសកម្មភាពមិនប្រក្រតី»។

ខណៈការលើកទ្បើងនេះ ត្រូវបានខាងរដ្ឋាភិបាលស៊ីរី ធ្វើការបដិសេធម្តងហើយម្តងទៀត ជុំវិញការរៀបចំគម្រោងវាយប្រហារ ដោយប្រើអាវុធគីមីនា ពេលខាងមុខ។

យន្តហោះចម្បាំងរុស្ស៊ី បានបំផ្ទុះគ្រាប់បែកលើតំបន់ពួកឧទ្ទាម នៅភាគពាយ័ព្យប្រទេសស៊ីរី ដោយមានការចូលរួមពីកងទ័ពដ៏ច្រើន សម្រាប់ការវាយលុកនោះ។

ដោយវាបានកើតឡើង ខណៈកិច្ចប្រជុំកំពូលមួយ នឹងត្រូវប្រព្រឹត្តទៅនៅអ៊ីរ៉ង់ នាថ្ងៃសុក្រនេះ រវាងមេដឹកនាំរុស្ស៊ី និងអ៊ីរ៉ង់ ដែលប្រទេសទាំងពីរនេះ នឹងធ្វើការគាំទ្រដល់ប្រធានាធិបតីស៊ីរីលោក Bashar al-Assad ។

អង្គការសហប្រជាជាតិ បានព្រមានពីគ្រោះមហន្តរាយមនុស្សធម៌ ប្រសិនបើការវាយប្រហារនោះ បានកើតឡើង ខណៈដែលប្រទេសតួកគី កំពុងមានការបារម្ភអំពីការហូរចូលជនភៀសខ្លួនថ្មីៗ ឆ្លងកាត់តំបន់ព្រំដែនរបស់ខ្លួន៕

មតិយោបល់