ព័ត៌មានជាតិ

កុំចេះតែហ៊ាន! ឆក់កាបូបបានសម្រេចពីទឹកដីខណ្ឌចំការមន តែជិះរត់មកជាប់ខ្នោះនៅទឹកដីខណ្ឌដូនពេញ!

ភ្នំពេញៈ (បាញ់ត្រី​ចាញ់អស់លុយដូចគ្នា បបួលគ្នា​ចេញឆក់​) បុរសម្នាក់ជិះកំពុងម៉ូតូតាមផ្លូវ កាន់ទូរសព្ទផ្ញើសារជាសំលេងទៅមិត្តភក្តិ ស្រាប់តែលេចមុខ​ជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង​ឌុបគ្នា មកអែបក្បែររួចធ្វើសកម្មភាពឆក់ទូរសព្ទបានសម្រេច ហើយព្យាយាមជិះម៉ូតូគេចខ្លួន​ត្រូវម្ចាស់គេដេញតាម​ស្រែក​ចោរៗ ផ្អើលកម្លាំងល្បាតនៅប្រចាំការតាមគោលដៅ និងក្រុមអ្នកសារព័ត៌មាន​បោះដៃតាមវិទ្យុទាក់ទង​ រហូតដេញតាមស្ទាក់ចាប់ឃាត់ខ្លួនបានទាំង២នាក់ រួចវាយខ្នោះបញ្ជូនទៅប៉ុស្តិ៍ភ្លាមៗផងដែរ។

ករណីឆក់ទូរសព្ទ​នេះបានកើតឡើងនៅវេលាម៉ោងជិត៣ទៀបភ្លឺ​ ឈានចូលថ្ងៃសៅរិ៍ទី៨​ ខែកញ្ញា​ ឆ្នាំ​២០១៨នេះ នៅមុខហាងលក់ផ្លែឈើស្រីមុំ​ ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃ​២ ខណ្ឌចំការមន​​ ហើយព្យាយាមជិះម៉ូតូគេចខ្លួន រហូតឃាត់ខ្លួនបាននៅម្ដុំបឹងកក់ ជិតមន្ទីរពេទ្យកាល់ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ ទី១.ឈ្មោះ ​ឃាង​ ម៉េងលី អាយុ២៤ឆ្នាំ​ មុខរបរមិនពិតប្រាកដ មានទីលំនៅ​ក្នុងខេត្តកណ្ដាល ជាម្ចាស់ម៉ូតូ Honda Dream ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ​ 1FZ-8433 (ជាអ្នកបើកម៉ូតូ)។ ទី២.ឈ្មោះ ពេជ្រ សុ​កុម្ភៈ​ ភេទប្រុស​ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ​ មានទីលំនៅ​ក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល (ជាអ្នកធ្វើសកម្មភាព)។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនបាននោះ​ ជនសង្ស័យទាំង២នាក់ បានរៀបរាប់ប្រាប់ថា​ ទើបតែស្គាល់គ្នា នៅកន្លែងហ្គេមបាញ់ត្រីមួយកន្លែងនៅប្លុកទួលសង្កែ ខណ្ឌឬស្សីកែវ​ ថ្ងៃកើតហេតុនេះទេ​ ដោយសារតែរូបគេទាំង២នាក់​ បាញ់ត្រី​ចាញ់អស់លុយដូចគ្នា ទើបនិយាយ​ត្រូវរ៉ូវ​គ្នា ក៏បបួលគ្នា​ចេញឆក់​ ហើយក៏ប្រទះឃើញ​បុរសរងគ្រោះជិះម៉ូតូកាន់ទូរសព្ទតែឯង ដែលជាឱកាសល្អផង​ ទើបពួកគេជិះតាមពីក្រោយ​ ឆក់ទូរសព្ទ​ Iphone​ 6Plus នោះ​ បានសម្រេច​ តែជិះរត់មិនរួចក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។

ប្រភពពី​បុរសរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុបន្តិច​ រូបគាត់បានជិះម៉ូតូមួយគ្រឿងម្នាក់ឯង ធ្វើដំណើរតាមផ្លូវព្រះសីហនុ ពីលិចទៅកើត លុះមកដល់ជិតវត្តមហាមន្ត្រី​ រូបគាត់បានកាន់ទូរសព្ទយកមកផ្ញើសារជាសំលេងទៅមិត្តភក្តិ ស្រាប់តែលេចមុខ​ជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿង​ឌុបគ្នា ក្នុងល្បឿនយ៉ាងលឿន​ មកពីក្រោយ រួចធ្វើសកម្មភាពឆក់យកទូរសព្ទរបស់គាត់ បានសម្រេច ហើយជនសង្ស័យបានព្យាយាមបន្ថែមល្បឿនជិះម៉ូតូគេចខ្លួន​ ទើបរូបគាត់ជិះដេញតាមហើយ​ស្រែក​ “ចោរៗ” បង្កឲ្យភ្ញាក់ផ្អើលដល់កម្លាំងល្បាតដែលប្រចាំការតាមគោលដៅពួនស្ទាក់ និងក្រុមអ្នកសារព័ត៌មាន​ បោះដៃតាមវិទ្យុទាក់ទង​ សហការគ្នាជួយអន្តរាគមន៍ ដេញតាមរហូតស្ទាក់ចាប់ឃាត់ខ្លួនបានទាំង២នាក់តែម្ដង រួចវាយខ្នោះបញ្ជូនទៅប៉ុស្តិ៍នគរបាលស្រះចកភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុដោយសារតែករណីនេះបានកើតឡើងនៅក្នុងមូលដ្ឋានខណ្ឌចំការមន ទើបប៉ុស្តិ៍នគរបាលស្រះចក បានប្រគល់ជនសង្ស័យទៅឲ្យសមត្ថកិច្ចខណ្ឌចំការមនវិញ ដើម្បីយកទៅបន្តធ្វើការសួរនាំ និងចាត់ការតាម​នីតិវិធីច្បាប់៕

មតិយោបល់