ព័ត៌មានជាតិ

ផ្លូវ១ខ្សែរៀបចំជួសជុលឡើងវិញព្រឹកនេះ ដើម្បីបញ្ចៀសការកកស្ទះរាចរណ៍

ភ្នំពេញៈ ផ្លូវ១ខ្សែប្រវែង៤០០ម៉ែត្រ គុណ៧ម៉ែត្រ លេខ១០៥K ស្ថិតក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខនាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នេះ ត្រូវបានសាលាខណ្ឌសែនសុខ ធ្វើពិធីបើកការដ្ឋានជួសជុល ក្រោមវត្តមានរបស់លោក ប៉ិល កុសល អភិបាលខណ្ឌសែនសុខ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ការជួសជុលផ្លូវមួយខ្សែនេះ នឹងត្រូវចំណាយថវិកាអស់ជាង៤៥៨លានរៀល ដែលជាគម្រោងអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០១៦ របស់សាលាខណ្ឌសែនសុខ។ មួយវិញទៀត គឺដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ កុំឲ្យមានកកស្ទះចរាចរណ៍ចេញពីចំណុចមហាវិថីសហព័ន្ធរុស្ស៊ីមក។

ក្នុងពិធីនោះលោកអភិបាលខណ្ឌក៏បានណែនាំ និងផ្តាំផ្ញើដល់ក្រុមហ៊ុនធ្វើការជួសជុលនេះ ត្រូវធ្វើយ៉ាងណាឲ្យបានឆាប់រហ័ស និងត្រូវតែមានគុណភាព។ ដោយឡែកលំនៅឋានប្រជាពលរដ្ឋខ្លះ ដែលកំពុងប៉ះពាល់នោះ ត្រូវលោកអភិបាលខណ្ឌ ទុកពេលចំនួន១ខែ ដើម្បីឲ្យម្ចាស់ទីតាំងរុះរើចេញ តាមដែលអាចធ្វើបាន៕

មតិយោបល់