ភ្នំពេញៈ បុរសម្នាក់ត្រូវបានរថយន្ដកុងតឺន័រដឹកស្រូវសង្កត់ពីលើយ៉ាងច្រង៉ាង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសស្រាល ខណៈពេលដែលចេញពីផឹកស៊ីបើករថយន្ដចេញពីភ្នំពេញឡើងទៅខេត្ត ក៏ជួបគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានទំនប់៧មករា នៅសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១និង៤០នាទីរំលងអធាត្រ ឈានចូលនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសដែលបានស្លាប់នៅខាងលើ និងបុរស២នាក់ទៀតធ្វើដំណើរនិងរថយន្ដកុងតឺន័រ ដែលពាក់ស្លាកលេខ 3-A 2545 ដែលបានដឹកស្រូវពេញរថយន្ដតែម្ដង បានធ្វើដំណើរនៅតាមផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿង នៅពេលដែលដល់ចំណុចស្ពាន៧មករា ក៏បានរេចង្កូចបាក់ពីចំហៀងឆ្វេងអូសជិត១០ ម៉ែត្រ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងយ៉ាងច្រង៉ាង បណ្ដាលឲ្យបុរសម្នាក់ខ្ទាតចេញពីរថយន្ដ ក៏ត្រូវរថយន្ដកិនស្លាប់យ៉ាងអាណោចអាធ័ម។
បុរសដែលរងគ្រោះចរាចរណ៍ស្លាប់មានឈ្នោះ ម៉ៅ រ៉ាម៉ាន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ អ្នកបើកឡាន រស់នៅក្នុងភូមិកន្លុងមាស ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ និងបុរស២នាក់រងរបួសស្រាលមិនស្គាល់អត្តសញ្ញាណ។
ក្រោយពេលកើតហេតុភ្លាមៗបុរសរងគ្រោះទាំងក៏ចេញពីកន្លែងកើត។ ចំណែកឯបុរសដែលរងគ្រោះស្លាប់ដែលកៀបនឹងរថយន្ដត្រូវបានសមត្ថកិច្ចយករថយន្ដស្ទួចចេញដើម្បីយកសពជនរងគ្រោះឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯរថយន្ដត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕
មតិយោបល់