ព័ត៌មានជាតិ

Microsoft ជាដើមហេតុនាំឲ្យមាន iPhone និង iPad

ដំបូង​ឡើយ ក្រុមហ៊ុន Apple គ្មាន​គម្រោង​​បង្កើត​នូវ iPhone និង iPad នោះទេ ប៉ុន្តែ​ដោយសារ​មានការ​ឌឺដង និង​ចង់​បំពាក់​ភាព​អំនួត​របស់​បុគ្គលិក Microsoft ទើប​បង្កើត​ឧបករណ៍​ទាំងពីរ​នេះ​ឡើង​។​

technology

​បើតាម​កំណត់ត្រា​របស់លោក Walter Isaacson ជា​អ្នកសរសេរ​សៀវភៅ​ប្រវត្តិ​របស់​ស្ថាបនិក និង​ជា​អតីត​នាយក​ប្រតិបត្តិ Apple លោក Steve Jobs បាន​ឲ្យ​ដឹងថា ដោយសារតែ​ភាព​ធុញទ្រាន់​នឹង​ការ​អួត​ក្អេងក្អាង​របស់​បុគ្គលិក Microsoft ទើប​លោក Jobs បង្កើត iPhone និង iPad ឡើង​។​

Walter Isaacson បាន​និយាយថា លោក Steve Jobs បាន​ទៅ​ចូលរួម​នៅក្នុង​កម្មវិធី​ខួបកំណើត​នៅផ្ទះ​មិត្ត​ភ័ក្តិ​របស់​ប្រពន្ធ​លោក ដែល​បុរស​ម្នាក់​នោះ ជា​បុគ្គលិក​ធ្វើការ​នៅក្នុង​ក្រុម ​Microsoft Tablet​។ នៅក្នុង​កម្មវិធី បុរស​ម្នាក់​នោះ​ឧស្សាហ៍​អួ​ង​ពី​សមត្ថភាព​អស្ចារ្យ​របស់ Microsoft Tablet ទៅកាន់ Steve Jobs ហើយ​ជារឿយៗ គេ​តែងតែ​ធ្វើបែបនេះ​ជានិច្ច​។ បុរស​នោះ​មាននិយាយ​ថែមទៀត​ថា វា​នឹង​ជំនួស​កុំព្យូទ័រ​យូរ​ដៃ ព្រមទាំង​ឲ្យ​ជា​យោបល់​ថា Apple គួរតែ​ទិញ​អាជ្ញាប័ណ្ណ​កម្មសិទ្ធិបញ្ញា​ពី Microsoft ទៅប្រើ​។​

​មិនតិចជាង ១០​លើក​នោះទេ ដែល​លោក Jobs បាន​ញ៉ាំ​អាហារ​ជាមួយ​បុរស​នោះ ដោយ​ស្ដាប់​តែ​រឿង​ដដែលៗ ប៉ុន្តែ Jobs បាន​គិតថា វា​មិន​អស្ចារ្យ​ទេ ព្រោះថា អ្វីដែល​គេ​អួត​នោះ​គឺ​ប្រើ Keyboard និង​ប៊ិច តែ​នៅពេល Apple បង្កើត​វិញ នឹងមិន​ប្រើ Keyboard និង​ប៊ិច​ឡើយ​។​

​នៅ​ព្រឹក​មួយ ពេល​គាត់​ទៅដល់​កន្លែងធ្វើការ​គាត់​បាន​ប្រាប់​ទៅ​ក្រុមការងារ​ឲ្យ​បង្កើត Tablet ដែល​ប្រើ Multi-Touch ហើយ​រយៈពេល ៦​ខែក្រោយ​មក គាត់​ទទួលបាន Tablet មួយ​តាម​ការចង់បាន​របស់​គាត់ ហើយ​អ្វីដែល​អស្ចារ្យ​នោះ​គឺថា Tablet នោះ មិន​ប្រើ Keyboard និង​ប៊ិច​នោះទេ​។ ក្រោយពី​បង្កើតបាន​ភ្លាម Steve Jobs មិនបាន​យក​វា​ទៅ​បង្កើតជា iPad នោះទេ តែ​បែប​ជា​ពង្រួម​ទំហំ ហើយ​រចនា​ចេញ​ជា iPhone ដ៏​ស្រស់ស្អាត​ទៅវិញ​។​

​គួរបញ្ជាក់​ផងដែរ​ថា យោងតាម​សំដី​របស់ Steve Jobs ខាងលើ Microsoft ជា​អ្នកបង្កើត Tablet មុន Apple ប៉ុន្តែ​ទើបតែ​បង្ហាញខ្លួន​នៅ​ឆ្នាំ ២០១២ ហើយ​ចំណែក iPad ក៏​កើតមុន iPhone ផងដែរ​៕

មតិយោបល់