ព័ត៌មានជាតិ

ចតគោយន្តកន្ត្រៃម៉ាកគូប៊ូតា លើទ្រូងផ្លូវដើម្បីជួសជុល ត្រូវម៉ូតូមួយគ្រឿងបើកបុកទាំងកំរោល របួសធ្ងន់២នាក់

បន្ទាយមានជ័យ: កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥៦អា ត្រង់ចំណុចខាងជើងភូមិទ្រាស ប្រហែល២០០ម៉ែត្រ រវាងម៉ូតូបុកគោយន្តកន្ត្រៃក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង បណ្តាលឲ្យបុរស២នាក់របួសធ្ងន់។

ភាគីម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1H-6942 បើកបរដោយឈ្មោះ សោម ចន្ទ្រា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពេលបើកបរមកដល់ចំណុចកើតហេតុ បានបុកគោយន្តកន្ត្រៃដែលកំពុងចតខូចជួសជុលលើទ្រូងផ្លូវ ម៉ាកស្យាមគូប៊ូតា ម៉ាស៊ីន១៤សេះ បើកបរដោយម្ចាស់គោយន្តកន្រ្តៃឈ្មោះ យុន យី ភេទប្រុស អាយុ២១ឆ្នាំ រួមដំណើរជាមួយបុរសម្នាក់ទៀត ពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់របួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង នាំយកគោយន្តកន្ត្រៃនិងម៉ូតូទៅរក្សាទុកនៅអធិការស្រុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់