ព័ត៌មានជាតិ

រថយន្តដឹកឥដ្ឋ គេចរថយន្តមួយគ្រឿងផុត ទៅបុករថយន្តបាញ់ស៊ីម៉ង់ត៍ក្រុមហ៊ុន EVERDIGM រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: រថយន្តហ៊ីយុនដាយដឹកឥដ្ឋមួយគ្រឿង បន្ទាប់ពីទម្លាក់ឥដ្ឋរួចហើយ បានបើកបរសុខៗស្រាប់តែដាច់តាប៉ែនហ្វ្រាំង ប៊ិះបុករថយន្តតូចមួយគ្រឿង ខំបួងចង្កូតគេចផុត តែបែរជាជ្រុលទៅបុករថយន្តបាញ់ស៊ីម៉ង់ត៍កំពុងបត់ចូលកន្លែងរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតតាមផ្លូវ៥៩៨ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកហ៊ីយុនដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-2441 ខូចខាតកំណាត់មុខយ៉ាងដំណំ។ ថយន្តរថយន្តរងគ្រោះម៉ាកហ៊ីយ៉ាន់ដាយ បាញ់ស៊ីម៉ង់ត៍ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-2126​។

ប្រភព័ត៌មានពីបុរសអ្នកបើករថយន្តដឹកឥដ្ឋខាងលើ សុំមិនបញ្ចេញឈ្មោះឲ្យដឹងថា នៅមុនពេលកើតហេតុបន្ទាប់ពីទម្លាក់ឥដ្ឋរួចគាត់បានបើករថយន្តខាងលើទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចកើតហេតុ មានរថយន្តតូចមួយគ្រឿងមិនចាំម៉ាកនៅខាងមុខខណះនោះខ្លួនជាន់ហ្វ្រាងមិនស៊ីដោយសារដាច់តាប៉ែនហ្វ្រាំង ក៏បត់មកស្តាំដៃឡើងឡើងចិញ្ចើញផ្លូវបានបន្តិច ក៏ជ្រុលទៅបុកចំកង់ក្រោយខាងស្តាំរថយន្តបាញ់ស៊ីម៉ង់ត៍ បណ្តាលឲ្យខូចខាតរថយន្តហ៊ីយ៉ាន់ដាយ ដឹកឥដ្ឋកំណាត់មុខតែម្តង។

ក្រោយពេលកើតហេតុភាគីទាំងសងខាង ព្យាយាមសម្របសម្រួលគ្នា ដើម្បីឈានដល់ការបញ្ចប់រឿង នៅនឹងកន្លែងក្រោមវត្តមានសមត្ថកិច្ចផងដែរ៕

មតិយោបល់