ភ្នំពេញៈ យ៉ាងហោចណាស់មានពលរដ្ឋកម្ពុជាស្លូតត្រង់បានស្លាប់ជាមធ្យម៦នាក់ និងរបួសធ្ងន់ស្រាលប្រមាណ១៦នាក់ក្នុងមួយថ្ងៃៗនៅទូទាំងប្រទេសកម្ពុជា និងមានមនុស្សស្លាប់ ៣នាក់ក្នុងរយៈពេល២ថ្ងៃនៅក្នុងរាជធានីភ្នំពេញ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នេះបើយោងតាមប្រសាសន៍របស់លោកវរៈសេនីយឯក ចេវ ហាក់ ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងនៅក្នុងសិក្ខាសាលាស្តីពី ការកកស្ទះចរាចរណ៍ ប៉ះណាល់ដល់បរិស្ថាន និងសុខុមាលភាព ពង្រឹកការអនុវត្តន៍ផ្លូវថ្នល់ និងពិភាក្សាលើសេចក្តីព្រាងច្បាប់សណ្តាប់ធ្លាប់សាធារណៈ ដែលរៀបចំដោយរាជ្យបណ្ឌិតសភាកម្ពុជា។
លោកបានបញ្ជាក់ថា កម្ពុជាជាប្រទេសដែលមានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងបើប្រៀបធៀបទៅនឹងប្រទេសជាសមាជិកអាស៊ាន ដែលមានអ្នកស្លាប់ប្រមាណជា២០០០នាក់ក្នុង១ឆ្នាំ។
លោកថា មូលហេតុនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ ការបើកបរលើសល្បឿនកំណត់ ការមិនគោរពច្បាប់អាទិភាព ការជែងគ្នានៅក្នុងតំបន់ហាមឃាត់ កក្តាផ្លូវ និងជាពិសេសគឺការបើកបរក្រោយឥទ្ធិពលនៃជាតិស្រវឹងជាដើម។
លោកបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺស្ថាប័នពាក់ព័ន្ធបានខិតខំអប់រំច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងពង្រឹកការអនុវត្តច្បាប់នេះយ៉ាងតឹងរឹងបំផុត។
លោកស្រី បុប្ផា ផាន់នី អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានថ្លែងផងដែរថា បញ្ហាកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះបណ្តាលមកពីការរំលោភយកចិញ្ចើមផ្លូវសាធារណៈពីសំណាក់ពលរដ្ឋ និងការចតរថយន្តគ្មានសណ្តាប់ធ្លាប់ ជាដើម។ ម្យ៉ាងទៀត ការចេញចូលរបស់រថយន្តធំៗនៅក្នុងរាជធានីភ្នពេញត្រូវបានមន្ទីរយកចិត្តទុកដាក់ដោះស្រាយជាមួយសាលារាជធានីភ្នំពេញ ដោយបានកំណត់ម៉ោងចេញចូលយ៉ាងច្បាស់លាស់ ប៉ុន្តែរថយន្តទាំងនោះនៅតែបន្តយកចំណីផ្លូវនៅតាមបណ្តាយខណ្ឌមួយចំនួននៅជាយរាជធានីធ្វើចំណតនាំឲ្យការកកស្ទះនៅតែមានដដែល។
សូមបញ្ជាក់ថា រាជបណ្ឌិតសភាកម្ពុជាបានរៀបចំសិក្ខាសាលាលើកទី២ស្តីពី ការកកស្ទះចរាចរណ៍ ប៉ះណាល់ដល់បរិស្ថាន និងសុខមាលភាព ពង្រឹកការអនុវត្តន៍ផ្លូវថ្នល់ និងពិភាក្សាលើសេចក្តីព្រាងច្បាប់សណ្តាប់ធ្លាប់សាធារណៈ រយៈពេល២ថ្ងៃគឺថ្ងៃទី១៥ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ក្នុងគោលបំណង ពិភាក្សាលើបញ្ហាកកស្ទះចរាចារណ៍ ដើម្បីប្រមូលព័ត៌មាន និងរកឲ្យឃើញបញ្ហាប្រឈមនានា រួមទាំងដំណោះស្រាយ កាការអនុវត្តន៍ច្បាផ្លូវថ្នល់ និងពិភាក្សាលើសេចក្តីព្រាងច្បាប់សណ្តាប់ធ្នាប់សាធារណៈ នឹងឈានទៅរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ កាត់បន្ថយការកកស្ទះចរាចរណ៍ ធានាឲ្យបាននូវការធ្វើដំណើរមួយប្រកបដោយសុវត្ថិភាព និងមានសណ្ដាប់ធ្លាប់ល្អនៅតាមដងផ្លូវសាធារណៈ៕
មតិយោបល់