កណ្តាលៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានការប្រទះឃើញសពបុរសម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីបាត់ខ្លួនពីផ្ទះរយៈពេល២ថ្ងៃ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ នី លីណា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះបានដើរចេញពីផ្ទះ ហើយផឹកស្រាស្រវឹងជាប្រចាំ ។ ដោយបាត់មិនឃើញត្រឡប់មកផ្ទះមួយយប់លុះព្រឹកឡើងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមគ្រួសារ ក៏នាំគ្នាដើររក ហើយមានគេនិយាយប្រាប់ថា ឃើញឈ្មោះនី លីណា ដើរនៅក្បែរព្រះវិហាវត្តតាលន់ កាលពីល្ងាចមិញ។ ឪពុកជនរងគ្រោះ និងសាច់ញាតិ ក៏បាននាំគ្នាដើររក តែរកពុំឃើញ។ លុះមកដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៧ព្រឹក ក៏បាននាំគ្នាដើររកម្ដងទៀត ស្រាប់តែប្រទះឃើញសាកសពជនរងគ្រោះអណ្ដែតក្នុងទឹកព្រែកវត្ត ស្ថិតនៅក្នុងភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល រួចក៏បានផ្ដល់ព័ត៌មានភ្លាម ទៅសមត្ថកិច្ចប៉ុស្តិ៍តាលន់ ភ្លាមនោះ កម្លាំងប៉ុស្តិ៍តាលន់ សហការជាមួយកម្លាំងជំនាញពិនិត្យហេតុស្រុក មេភូមិ ក្រុមប្រឹក្សាឃុំ បានចុះពិនិត្យលើសាកសព ពុំមានឃើញស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ។
ក្រោយពិនិត្យរួច សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន និងធ្វើកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់