រុស្ស៊ីៈ នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានទៅដល់តំបន់ធ្វើសមយុទ្ធ Tsugol ក្នុងដែនដី Zabaikalsky របស់រុស្ស៊ី ដើម្បីចូលរួមក្នុងដំណាក់កាលហ្វឹកហ្វឺនដ៏សំខាន់មួយ នៃសមយុទ្ធ Vostok-2018 ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨។
Vostok-2018 ជាសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុត ដែលបានធ្វើទ្បើងដោយរុស្ស៊ី មិនធ្លាប់មានក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមក ដោយវាបានចាប់ផ្ដើមតាំងពីថ្ងៃទី ១១ រហូតដល់ថ្ងៃទី ១៧ ខែកញ្ញាខាងមុខ នៅភាគខាងកើតនៃប្រទេសរុស្ស៊ី និងនៅក្នុងដែនទឹកនៃសមុទ្រជប៉ុន, សមុទ្រ Bering និង Okhotsk ។
សមយុទ្ធយោធាដ៏ធំមួយនេះ បានកើតមានឡើងចំពេលមានភាពតានតឹង រវាងលោកខាងលិច និងរុស្ស៊ីក្នុងកម្រិតខ្ពស់បំផុត មិនធ្លាប់មានចាប់តាំងពីសម័យសហភាពសូវៀតមក។ សមយុទ្ធនេះ ក៏ត្រូវបានថ្កោលទោសពីសំណាក់ណាតូផងដែរថា វាជាការហ្វឹកហ្វឺនកងកម្លាំង សម្រាប់ជម្លោះទ្រង់ទ្រាយធំមួយ។
យោងតាមក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា សមយុទ្ធ Vostok-2018 នេះមានការចូលរួមពីទាហានរុស្ស៊ីជាង ៣០០,០០០ នាក់ រថក្រោះ ៣៦,០០០ គ្រឿង យន្តហោះចម្បាំង ១,០០០គ្រឿង និងនាវាចម្បាំង ៨០ គ្រឿង ក្នុងក៏មានការចូលរួមពីទាហានចិន និងម៉ុងហ្គោលីផងដែរ។
ពាក់ព័ន្ធនឹងសមយុទ្ធនេះ លោក ពូទីន បានបញ្ជាក់ថា រុស្ស៊ី គឺជារដ្ឋសន្តិភាព អាស្រ័យហេតុនេះ យើងមិនមានផែនការណាមួយ ដើម្បីឈ្លានពានបរទេសនោះទេ។
ដោយលោកអះអាងថា កងទ័ពរុស្ស៊ី ត្រូវតែត្រៀមខ្លួន ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខជាតិ ក៏ដូចជាគាំទ្រសម្ព័ន្ធមិត្តរបស់ប្រទេស ក្នុងករណីប្រសិនបើចាំបាច់៕
មតិយោបល់