កូរ៉េៈ យោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា កូរ៉េខាងត្បូង និងកូរ៉េខាងជើង បានចាប់ផ្តើមកិច្ចចរចាការងារ ទៅលើកិច្ចការយោធា នៅឯតំបន់ព្រំដែនភូមិ Panmunjom ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨។
គណៈប្រតិភូយោធាបីរូប មកពីភាគីកូរ៉េទាំងពីរ ដែលដឹកនាំដោយមន្រ្តីថ្នាក់វរសេនីយឯក បានចាប់ផ្តើមកិច្ចចរចារបស់ពួកគេ នៅវេលាម៉ោង ១០ ព្រឹក (ម៉ោងក្នុងស្រុក) ដូចដែលបានគ្រោងទុកនៅ Tongilgak ជាអាគាររបស់កូរ៉េខាងជើងនៅក្នុងភូមិ Panmunjom ។
កិច្ចចរចាយោធានេះ បានធ្វើឡើងមុនកិច្ចប្រជុំកំពូល រវាងលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន និងមេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលគ្រោងនឹងធ្វើនៅទីក្រុងព្យុងយ៉ាង ក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៨ ខែកញ្ញាខាងមុខ។
តាមរយៈកិច្ចចរចាគណៈប្រតិភូយោធានេះ ត្រូវបានគេព្យាករណ៍ថា នឹងពិភាក្សាអំពីវិធីសាស្ត្រ ដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកយោធា រវាងកូរ៉េទាំងពីរ រួមទាំងការដកប៉ុស្តិ៍ឆ្មាំយាមមួយចំនួន នៅក្នុងតំបន់ព្រំដែនគ្មានយោធា (DMZ) ដែលបែងចែកឧបទ្វីបកូរ៉េ នៅលើមូលដ្ឋានសាកល្បងមួយ៕
មតិយោបល់