ក្រចេះ: ជនសង្ស័យពីរនាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏ធំមួយនៅស្រុកស្នួល ត្រូវបាននគរបាលស្រុក ក្រោមការដឹកនាំដោយស្ថាប័នអយ្យការខេត្ត ឆ្មក់ចុះឡោមព័ទ្ឋលំនៅឋានបង្រ្កាបបានកាលពីរសៀលថ្ងៃទី៣១ កក្កដា។
នគរបាលស្រុកស្នួលបានឲ្យដឹងថា ប្រតិបត្តិការចុះបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀននេះ គឺធ្វើឡើងក្រោយពីនគរបាលស្រុកបានចុះតាមដានស៊ើបអង្កេតអស់រយៈពេលជាច្រើនថ្ងៃមកហើយ។
នគរបាលបានឲ្យដឹងទៀតថា សង្ស័យឈ្មោះ ឈួន រះ អាយុ៤១ឆ្នាំ ស្ថិតនៅភូមិសំរ៉ង ឃុំឃ្សឹម ស្រុកស្នួល ជាមុខសញ្ញាជួញដូរគ្រឿងញៀនធំមួយ ហើយជនសង្ស័យរូបនេះ ជាមុខសញ្ញាមិនរាងចាលធ្លាប់ជាប់ពន្ឋនាគារម្តងរួចមកហើយពាក់ព័ន្ឋ និងករណីជួញដូគ្រឿងញៀន។ ចំណែកបក្ខពួកជនសង្ស័យម្នាក់ ទៀតឈ្មោះ រដ្ឋ ចាន់ អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងស្រុកស្នួលក៏ ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ ខណៈដែលជននេះកំពុងតែចូលទៅទិញគ្រឿងញៀន។
អធិការនគរបាលស្រុកស្នួល លោក ចាន់ សុគីម បានបញ្ជាក់ឲ្យដឹងថា ក្នុងការឡោមព័ទ្ឋទៅលើលំនៅឋានរបស់ជនសង្ស័យកម្លាំងសមត្ថកិច្ច បានឆែកឆេររកឃើញគ្រឿងញៀនប្រភេទម៉ាទឹកកចំនួន១០កញ្ចប់តូចធំ ដែលជននេះលាក់ទុកសម្រាប់ជួញដូរ និងប្រើប្រាស់។
ជនសង្ស័យទាំងពីរ រួមទាំងគ្រឿងញៀន ត្រូវកម្លាំងនគរបាលស្រុក បញ្ជូនមកស្នងការដ្ឋានខេត្តនៅល្ងាចថ្ងៃទី១ សីហា ដើម្បីចាត់ការបន្ត៕
មតិយោបល់