ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌទួលគោក ជំរុញឲ្យចាត់វិធានការចំពោះជនអាណាថានៅតាមភ្លើងស្តុប

ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក លោក ម៉ែន សិរី បានជំរុញឲ្យអាជ្ញាធរខណ្ឌ ពិសេសការិយាល័យសង្គមកិច្ចខណ្ឌ ត្រូវចាត់វិធានការចំពោះជនអាណាថា ដែលបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់នៅតាមភ្លើងស្តុបនានានៅក្នុងខណ្ឌ។

ការជំរុញឲ្យមានវិធានការ ចំពោះជនអាណាថាខាងលើនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខណ្ឌទួលគោក កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នៅសាលាខណ្ឌទួលគោក ដោយមានវត្តមានលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក សមាជិកក្រុមប្រឹក្សា រួមនឹងអាជ្ញាធរមានសមត្ថកិច្ចរបស់ខណ្ឌជាច្រើនចូលរួមផងដែរ។

លោក ម៉ែន សិរី បានលើកឡើងថា នៅតាមភ្លើងស្តុបនានានៅក្នុងមូលដ្ឋានខណ្ឌទួលគោក ជនអាណាថា អ្នកសុំទាន និងអ្នកញៀនថ្នាំមួយចំនួនធំ ត្រូវបានអាជ្ញាធរខណ្ឌ ចាត់វិធានការចាប់ពួកគាត់ទៅដាក់នៅមណ្ឌលកែប្រែរបស់មន្ទីរសង្គមកិច្ច និងយុវតិសម្បទារាជធានីភ្នំពេញ ច្រើនលើកច្រើនសារហើយដែរ។ ប៉ុន្តែតាមការពិនិត្យ និងមើលឃើញជាក់ស្តែង ជនអាណាថា អ្នកសុំទាន និងអ្នកញៀនថ្នាំទាំងនោះ នៅតែបង្កសកម្មភាពធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់នៅតាមភ្លើងស្តុបដដែលជាដដែល ហើយពេលខ្លះ ពួកគេមានរហូតដល់អូសរទេះទៅឈប់មុខរថយន្តប្រជាពលរដ្ឋជាអ្នកដំណើរថែមទៀត ដើម្បីសុំលុយ ដែលទង្វើបែបនេះវាបានធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់យ៉ាងធ្ងន់ធ្ងរបំផុត។

លើបញ្ហាមិនប្រក្រតីខាងលើនេះ លោក ម៉ែន សិរី បានជំរុញឲ្យអាជ្ញាធរខណ្ឌ ពិសេសការិយាល័យសង្គមកិច្ចខណ្ឌ ត្រូវចាត់វិធានការចំពោះជនអាណាថា ដែលបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់នៅតាមភ្លើងស្តុបទាំងនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ជៀសវាងនូការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋជាអ្នកដំណើរ និងម្យ៉ាងវិញទៀត ដែលទង្វើនេះវាក៏បានធ្វើឲ្យបាក់មុខមាត់រាជធានីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ៕

មតិយោបល់