កំពង់ធំៈ លោកស្រី ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា តម្លៃស្រ្តី គឺសំដៅលើអកប្បកិរិយា ការស្អាតកាយវាចាចិត្ត និងមានជំនឿ ជឿលើព្រលឹងដូនតា ការគោរពដំបូន្មានចាស់ទុំគោរពទំនៀមទម្លាប់ប្រពៃណីខ្មែរ និងគោរពលទ្ធិមាតាធិតេយ្យ ស្រ្តីជាមាតាពិភពលោក ជំនឿនេះគេយល់ថា ពិតជានាំមកនូវសេចក្តីសុខ និងសុភមង្គលរបស់ប្រទេសជាតិ ប្រសាសន៍នេះ ត្រូវបានលើកឡើងក្នុងពិធីបណ្តុះបណ្តាលស្តីពីការងារលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ នៅសាលប្រជុំសណ្ឋាគារពន្លឺថ្មី ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៦។
លោក ឡេវ ណាល់ បានមានប្រសាសន៍ថា ទំនៀមទំម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ ត្រូវបានជនបរទេសទាញយករូបសំណាក់ រូបចម្លាក់ តាមប្រាងប្រសាទនានា ដែលជាអរិយធម៌ខ្មែរ មកកាត់ត មកផ្លាស់ប្តូរនូវភាពទន់ភ្លន់របស់ខ្មែរ និងមានចេតនាបន្ដោសបង្អាប់វប្បធម៌ខ្មែរ កែច្នៃរូបអប្សរាឲ្យក្លាយទៅជារូបអាសអាភាស ក្លាយជារូបស៊ិចស៊ី ថែមទាំងបានផ្សព្វផ្សាយតាម អ៊ិនធើណែត វេបសាយ ដោយយកស្រ្តីជាឧបករណ៍បម្រើការសប្បាយរបស់បុគ្គលអសីលធម៌ ដែលវាផ្ទុយពីទំនៀមទម្លាប់ប្រពៃណីខ្មែរ សកម្មភាពទាំងនេះ គឺបានធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំង ចំពោះស្រ្តីខ្មែរ និងវប្បធម៌ប្រពៃណីរបស់ជាតិ។
លោក ឡេវ ណាល់ បានបន្តថា ដូច្នេះគោលបំណងនៃការបើកវគ្គបណ្តុះបណ្តាលថ្ងៃនេះ គឺចង់បញ្ជាក់ឲ្យឃើញថា តម្លៃស្រ្តីខ្មែរ និងសីលធម៌សង្គម កំពុងតែត្រូវបានគេយកធ្វើជាឈ្នាន់ សម្រាប់ប្រកបមុខរបររបស់បុគ្គល ដែលសកម្មភាពទាំងនេះ ផ្ទុយពីសច្ចធម៌ និងផ្ទុយពីច្បាប់ ទើបក្នុងនាមយើងជាស្រ្តីខ្មែរ ត្រូវតែធ្វើការផ្សព្វផ្សាយ គុណតម្លៃរបស់ស្រ្តីខ្មែរ និងសីលធម៌សង្គម តាមរយៈវិទ្យុ ទូរទស្សន៍រដ្ឋ និងឯកជន ទស្សនាវដ្តី កាសែត សៀវភៅ សិល្បៈ ទាំងគំនូរ ចម្លាក់ ស្ថាបត្យកម្ម តូរ្យតន្រ្តី ភាពយន្ត អក្សរសាស្រ្ត រូបភាពពាណិជ្ឋកម្ម បាណូ ផ្លាកយីហោ និងបានប្រព័ន្ឋអ៊ិនធើណែត វេបសាយ រួមទាំងមគ្គុទ្ទេសន៍ទេសចរណ៍ ដើម្បីទប់ស្កាត់ការពារ វប្បធម៌របស់ជាតិ និងធានាដល់ការគោរពសីលធម៌សង្គម និងសុភមង្គលក្នុងគ្រួសារ ដោយលើកកម្ពស់ស្ថានភាពតួនាទី សុខុមាលភាពស្រ្តីខ្មែរ តាមអនុសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា យើងជួយស្រ្តី គឺជួយខ្លួនយើង ស្រ្តី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ យើងបំផ្លាញស្រ្តីដូចបំផ្លាញព្រះក្នុងផ្ទះ ដែលច្បាប់បានចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាពចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌របស់ប្រទេសជាតិ៕
មតិយោបល់