កណ្តាល ៖ បុរសខ្ទើយម្នាក់ដែលស្លៀកពាក់ជាមនុស្សស្រី ហើយបានធ្វើសកម្មភាពអូសទាញ កុមារីអាយុ១៣ឆ្នាំ ឲ្យទៅរួមភេទជាមួយភ្ញៀវនៅក្នុងបន្ទប់ផ្ទះសំណាក់ ត្រូវបានប្រធានសាលាដំបូង ខេត្តកណ្តាល និងជាចៅក្រមស៊ើបសួរក្នុងសំណុំរឿងនេះ សម្រេចកាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ ឃុំខ្លួនដាក់ពន្ឋនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ ការនាំយកចេញដោយមិនស្របច្បាប់ ដោយមានគោលដៅ ។
យោងតាមមាត្រា១០ នៃច្បាប់ស្តីពីការជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទ ឃើញថា បុរសខ្ទើយរូបនេះនឹងប្រឈមមុខនឹងការជាប់ពន្ឋនាគារពី៧ឆ្នាំ ទៅ១៥ឆ្នាំ ប្រសិនបើតុលាការ រកឃើញថា មានពិរុទ្ឋភាពដូចការចោទប្រកាន់មែន ។
បុរសខ្ទើយរូបនេះឈ្មោះ ឈាវ សារៈ អាយុ២០ឆ្នាំ ហៅខ្ទើយ មុខរបរ បម្រើ ការងារនៅក្នុងហាងខារ៉ាអូខេ បច្ចុប្បន្នស្នាក់នៅផ្ទះ ជួលក្នុងភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ត្រូវបាន សមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ តាមដីកាបង្គាប់ឲ្យ ចាប់ ខ្លួនរបស់លោក អិន វ៉ានវិបុល ប្រធានសាលាដំបូងខេត្តកណ្តាល ដោយ ចោទប្រកាន់ពីបទ ការនាំយកចេញដោយមិនស្របច្បាប់ ដោយមានគោលដៅ ប្រព្រឹត្ដកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១១ នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។
ប្រភពពីសមត្ថកិច្ចក្រុងតាខ្មៅ បានឲ្យដឹងថា ឈ្មោះ ឈាវ សារៈ ហៅខ្ទើយ បានធ្វើសកម្មភាព ល្បួងក្មេងស្រីម្នាក់អាយុក្រោម១៥៣ឆ្នាំ ចេញពីផ្ទះនៅភូមិព្រែកតាពៅ សង្កាត់ ដើមមៀន យកទៅឱ្យបម្រើផ្លូវភេទ ជាមួយបុរសម្នាក់នៅបន្ទប់បានផ្ទះសំណាក់ ។ ក្រោយមកឪពុកម្ដាយក្មេងស្រីដឹងក៏ប្ដឹងឱ្យសមត្ថកិច្ចនគរបាលជួយ អន្ដរាគមន៍ ហើយឈ្មោះ ឈាវ សារៈហៅខ្ទើយ ក៏បានរត់គេចខ្លួនចេញពីលំនៅឋានពុំ ដឹងថា ទៅណានោះទេ ទើបនគរបាល កសាងសំណុំរឿងនិងសាវតារជាតិរបស់ ជនល្មើស បញ្ជូនទៅសាលា ដំបូងខេត្ដកណ្ដាល ចាត់ការបន្តតាមនីតិវិធី ហើយតុលាការក៏បានចេញដីកាចាប់ខ្លួនឈ្មោះ ឈាវ សារៈ តែ ម្ដង ។
ក្រោយពី មានដីកាបង្គាប់ឱ្យចាប់ឈ្មោះ ឈាវ សារៈ ហើយនោះ សមត្ថកិច្ចនគរបាល ក្រុងតាខ្មៅក៏បានធ្វើការស្រាវជ្រាវជាមួយនគរបាលមូលដ្ឋានរហូតឈាន ដល់ធ្វើការឃាត់ខ្លួនជនល្មើសបានតែម្ដងខណៈដែលជននេះកំពុង ស្នាក់នៅក្នុងបន្ទប់ផ្ទះជួល ៕
មតិយោបល់