ព័ត៌មានជាតិ

ដុតកម្ទេចគ្រឿងញៀនជាច្រើនគីឡូ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

កំពង់ចាមៈ អាជ្ញាធរខេត្តកំពង់ចាម បានរៀបចំពិធីដុតកម្ទេចចោលវត្ថុតាងគ្រឿងញៀនជាច្រើនគីឡូក្រាម ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ នៅទីលានវាលខ្សាច់មាត់ទន្លេ ក្រុងកំពង់ចាម ក្រោមអធិបតីភាព លោក ជឹមលាវ អភិបាលរងខេត្តកំពង់ចាម។

របាយការណ៍លទ្ធផលត្រួតពិនិត្យគ្រឿងញៀន បានបញ្ជាក់ថា ការជួញដូរគ្រឿងញៀននៅខេត្តកំពង់ចាម ពួកជនល្មើសបាននាំគ្រឿងញៀនពីភ្នំពេញ មកធ្វើការចែកចាយក្នុងភូមិសាស្ត្រខេត្តកំពង់ចាម គឺប្រើវិធីសាស្ត្រវេចខ្ចប់ជាមួយសម្ភារៈរបស់ទ្រព្យអ្វីមួយ រួចផ្ញើតាមរថយន្តឈ្នួល ហើយទំនាក់ទំនងតាមទូរស័ព្ទដៃ និងមានការផ្ទេរប្រាក់តាមទូរមាស តាមធនាគារឯកជន ឬតាមសេវាផ្ទេរប្រាក់ វីង ជាដើម។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០១៥កន្លងទៅ មានអ្នកប្រើប្រាស់គ្រឿងញៀនចំនួន៤១៩នាក់ (ស្រី៥នាក់) ដែលមានចាប់ពីអាយុ១០ឆ្នាំ រហូតដល់អាយុ១៧ឆ្នាំ ចំនួន១៨នាក់ អាយុពី១៨ឆ្នាំ ដល់២៥ឆ្នាំ ចំនួន២៧៧នាក់ (ស្រី៤នាក់) អាយុពី២៦ ដល់៤៥ឆ្នាំ ចំនួន១២៣នាក់ (ស្រីម្នាក់) អាយុ៤៦ឆ្នាំឡើង ទៅចំនួនម្នាក់។ ក្នុងនោះដែរ ក៏មានសិស្សសាលាចំនួន១១នាក់ នារីបម្រើការខារ៉ាអូខេ ចំនួន៣នាក់ មុខរបរមិនពិតប្រាកដចំនួន១២៨នាក់ (ស្រី២នាក់) កម្មករ-ពលករជាង១២៤នាក់ អ្នកជំនួញ៧នាក់ និងមុខរបរផ្សេងៗចំនួន១៤៥នាក់ កងកម្លាំងប្រដាប់អាវុធមន្ត្រីរាជការ ចំនួនម្នាក់។

របាយការណ៍បានបញ្ជាក់ទៀតថា សមត្ថកិច្ច និងអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការផ្សព្វផ្សាយអប់រំប្រព័ន្ធជាចំនួន១៤លើក នៅថ្នាក់ជាតិ២លើក និងថ្នាក់ខេត្តចំនួន១២លើក។ ផ្សព្វផ្សាយតាមការប្រគុំតន្ត្រីចំនួន៨លើក មានអ្នកចូលរួមប្រមាណ២២,៨២៣នាក់។ ផ្សព្វផ្សាយតាមសហគមន៍ចំនួន៣៩លើក មានអ្នកចូលរួម៤៤៦៨៥នាក់។

របាយការណ៍ដដែល បានបន្ដទៀតថា នៅក្នុងឆមាសទីមួយ ឆ្នាំ២០១៦នេះ សមត្ថកិច្ចបានបង្ក្រាបចំនួន១០៤ករណី ចាប់បានមនុស្ស២៤៥នាក់ (ស្រី១៩នាក់) ដកហូតថ្នាំញៀន៣៣៤,៦១ក្រាម។ ដោយឡែកនៅឆ្នាំ២០១៥ ដកហូតថ្នាំញៀនប្រភេទក្រាមពណ៌ស ចំនួន១៩៦,០១ក្រាម ត្រូវបានរៀបចំដុតកម្ទេចចោលក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននេះតែម្ដង។

ក្នុងឱកាសនោះផងដែរ លោក ជឹម លាវ អភិបាលរងខេត្តកំពង់ចាម បានធ្វើការកោតសរសើរដល់កម្លាំងសមត្ថកិច្ច ដែលខិតខំប្រយុទ្ធប្រឆាំងបង្ក្រាបការជួញដូរថ្នាំញៀនកន្លងមក រហូតទទួលបានលទ្ធផលគាប់ប្រសើរ។ ក្នុងនោះ អភិបាលរងក៏សំនូមពរដល់ស្រទាប់យុវជនយុវនារីជាសសរទ្រូងជាតិ និងបងប្អូនគ្រប់មជ្ឈដ្ឋាន ត្រូវចៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន និងរួមគ្នាធ្វើការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ដែលផ្តល់ប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសន្តិសុខគ្រួសារសង្គមជាតិទាំងមូល៕

មតិយោបល់