កំពង់ស្ពឺៈ តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មានបុរសជាសន្តិសុខម្នាក់ទៅធ្វើការនៅក្រុមហ៊ុនសន្តិសុខឯកជនមួយនៅខេត្តព្រះសីហនុ បានមកលេងផ្ទះដោយជិះម៉ូតូមួយគ្រឿងមកជាមួយ ហើយពេលប្រពន្ធសួរនាំប្តីប្រាប់ថា ខ្ចីគេ តែពេលត្រឡប់ទៅវិញ បុរសជាប្តីមិនបានយកម៉ូតូនោះទៅជាមួយឡើយ ក៏ធ្វើឱ្យប្រពន្ធសង្ស័យ និងខ្លាចមានការពាក់ព័ន្ធបទល្មើសណាមួយ ក៏បានយកម៉ូតូនោះ ប្រគល់ឱ្យសមត្ថកិច្ចថែរក្សាបណ្តោះអាសន្ន រង់ចាំប្តីត្រឡប់មកវិញម្តងទៀតសាកសួរបន្ត ។
ស្ដ្រីជាប្រពន្ធខាងលើ ឈ្មោះ រ៉ត ម៉ាច អាយុ២៤ឆ្នាំ រស់នៅភូមិតាឡក ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ បានយកម៉ូតូមួយគ្រឿងម៉ាក ZOMER X លេខតួ 1F5107903 ពណ៌ត្រួយចេក លាយខ្មៅ គ្មានស្លាកលេខ ប្រគល់ជូនសមត្ថកិច្ចនគរបាលស្រុកឧដុង្គ កាលពីនៅវេលាម៉ោង០២ និង៣០នាទីរសៀលថ្ងៃទី១៤ កញ្ញា ឆ្នាំ ២០១៨ ។
នគរបាលបានបញ្ជាក់ថា មូលហេតុដែលប្រពន្ធយកម៉ូតូមកប្រគល់ឱ្យសមត្ថកិច្ច ដោយសារប្ដីនាងឈ្មោះ
ឡុង ដែន អាយុ២៧ឆ្នាំ សព្វថ្ងៃទៅធ្វើការនៅខេត្ដព្រះសីហនុ ជាសន្តិសុខឯកជន (មិនដឹងឈ្មោះក្រុមហ៊ុននិងទីតាំង) ។ កាលពីពេលថ្មីៗនេះ ប្តីនាងបានត្រឡប់មកផ្ទះ ក៏ជិះម៉ូតូមួយគ្រឿងនេះមកជាមួយ ពេលនោះប្រពន្ធសួរដែរថា បានម៉ូតូមកពីណា ប្តីឆ្លើយថា «ខ្ចីម៉ូតូមិត្ដភក្ភិធ្វើការជាមួយ» ។ ពេលត្រឡប់ទៅខេត្ដព្រះសីហនុវិញ បែរមិនបានយកម៉ូតូទៅជាមួយទេ គឺទុកនៅផ្ទះ ។
សមត្ថកិច្ចបានលើក សរសើដល់ស្ត្រីជាប្រពន្ឋថា ករណីខាងលើ គឺជាគំរូដ៏ល្អមួយ ដែលប្រជាពលរដ្ឋគួរតែយកគំរូតាម ព្រោះរស់នៅក្នុងសង្គមត្រូវតែគោរពច្បាប់ ដើម្បីកុំឱ្យជាប់ពាក់ព័ន្ធទោសទណ្ឌដល់ខ្លួន៕
មតិយោបល់