ភ្នំពេញៈ បុរសម្នាក់បើករថយន្តហាយឡែនឌ័រមួយគ្រឿង ក្នុងល្បឿនលឿន ដល់ស្តុបបែកជាបួនមិនបង្អង់ល្បឿន ជ្រុលទៅបុកម៉ូតូPCXមួយគ្រឿងជិះដោយយុវជនម្នាក់ពេញទំហឹង បណ្តាលឲ្យម៉ូតូវិល៣ជុំ សំណាងល្អម្ចាស់រងរបួសស្រាល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតចំណុចស្តុបទីក្រុងបៃតងចាស់ តាមបណ្តោយផ្លូវ១៨២ កែងនិងផ្លូវ២៦១ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-9421 តាមបណ្តោយផ្លូវ១៨២ ទិសដៅពីលិចទៅកើតលុះមកដល់ស្តុបបែកជាបួនចំណុចកើតហេតុខាងលើមិនបង្អង់ល្បឿនបានជ្រុលចង្កូតទៅបុកម៉ូតូPCXមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FK-6616 ជិះដោយយុវជនម្នាក់តាមបណ្តោយផ្លូវ២៦១ ទិសដៅពីត្បូងទៅជើងពេញទំហឹងបណ្តាលម៉ូតូវិល៣ជុំម្ចាស់ខ្ទាតចេញពីម៉ូតូរងរបួសស្រាល។ ចំណែកម៉ូតូខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំរីឯរថយន្តខូចខាតកាងខាងមុខខាងស្តាំតិចតួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាដោយខាងភាគីរថយន្តចេញសំណងទៅឲ្យភាគីម៉ូតូចំនួន១០០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
មតិយោបល់