ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្ត MITSUBISHI-Triton មួយគ្រឿងបើកបរដោយបុរសម្នាក់ បើកក្នុងល្បឿនលឿនពេក ក៏ជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតមួយកង់ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ (មុខក្រសួងផែនការចាស់)។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាក MITSUBISHI-Triton ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2S-7233 បើកតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុត្រង់ចំណុចកែងផ្លូវ៣៦០ ស្រាប់តែងោកមួយភាំង រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យខ្ទាតទៅផ្លូវម្ខាងទៀតរងការខូចខាតអស់មួយកង់ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុវាស់វែងនិងស្ទូចយករថយន្តបង្កយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់៕
មតិយោបល់