ព័ត៌មានជាតិ

ដឹកប្រពន្ធនិងកូនមកពិនិត្យនៅគ្លីនិកពន្លឺ បែរជាបន្លំលួចកាបូបលុយនិងទូរសព្ទ ត្រូវបុគ្គលិកឃើញទាន់​ចាប់ប្រគល់ឲ្យសមត្ថកិច្ច!

ភ្នំពេញៈ ជនសង្ស័យម្នាក់បានជាប់ខ្នោះរបស់សមត្ថកិច្ច បន្ទាប់ពីដឹកប្រពន្ធនិងកូនមកពេទ្យហើយបែរជាបន្លំលួចកាបូបនៅក្នុងគ្លីនិកហើយបុគ្គលិកឃើញទាន់ក៏ចាប់ប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវឧកញ្ញ៉ាម៉ុងឬទ្ធី នៅចំណុចគ្លីនិកពន្លឺ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។

ជនរងគ្រោះម្ចាស់គ្លីនិកមានឈ្មោះ ខឹម​ រ៉ានី ភេទស្រី អាយុ​៥០​ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើទ្រព្យសម្បត្តិដែលនៅក្នុងកាបូបនោះរួមមានប្រាក់២៨០០ដុល្លារ, លុយខ្មែរមួយលានរៀល,ទូរស័ព្ទ៧គ្រឿង ម៉ាកសាំស៊ុង៥គ្រឿងអាយហ្វូន២គ្រឿង។

ជនសង្ស័យមានឈ្មោះ​ ឡូច ណេត ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិកប់កណ្តឹង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ជិះរថយន្តម៉ាកសាំយ៉ុង ពណ៌ស ស្លាកលេខភ្នំពេញ2U 0762។

តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានបើករថយន្តម៉ាកសាំយ៉ុងមួយគ្រឿងដឹកប្រពន្ធនិងកូនប្រុសតូច២នាក់មកឈប់នៅមុខគ្លីនិកខាងលើរួចប្រពន្ធបានបីកូននិងដឹកដៃកូនប្រុសម្នាក់ទៀតដើម្បីចូលពិនិត្យកូននៅក្នុងគ្លីនិកខាងលើហើយជនសង្ស័យជាប្តីបានដើរចូលតាមពីក្រោយក្នុងគ្លីនិក​។

ប្រភពបន្តទៀតថា​ ខណៈដែលដើរចូលទៅក្នុងឃើញមានឱកាសល្អជនសង្ស័យបានធ្វើសកម្មភាពលួចកាបូបលុយដែលជនរងគ្រោះបានដាក់ទុកនៅលើតុក្បាលគ្រែអ្នកជំងឺរួចដើរចេញមកក្រៅស្រាប់តែពេលនោះបុគ្គលិកពេទ្យឃើញទាន់ក៏ផ្អើលឆោឡោនាំគ្នាចាប់បានប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទទួលសង្កែទី២ចាត់ការតាមច្បាប់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់កាបូបលុយនិងទូរស័ព្ទឲ្យជនរងគ្រោះវិញ។

បន្ទាប់ពីឃាត់ខ្លួន កម្លាំង​ប៉ុស្តិ៍កំពុងកសាងសំណុំរឿងបញ្ជូនទៅអធិការដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការចាត់ការតាមនិតិវិធី៕

មតិយោបល់