ព័ត៌មានជាតិ

លោក សាយ សំអាល់ ចុះទៅពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២

ស្ទឹងត្រែង: រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ បានចុះទៅពិនិត្យមើលអំពីវឌ្ឍនភាពនៃគម្រោងសាង សង់ទំនប់វារីអគ្គិសនីសេសានក្រោម២ និងការសម្អាតផ្ទៃបាតអាង របស់ក្រុមហ៊ុន Hydro Power Lower Sesan 2 Co,. Ltd។

ការចុះពិនិត្យជាក់ស្តែងពីការវិវត្តនៃការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ លោករដ្ឋមន្រ្តីបរិស្ថាន មានប្រសាសន៍ថា “ពិតណាស់ការសាងសង់ទំបន់វារីអគ្គិសនីវាពិតជាប៉ះពាល់ទៅដល់ការរស់នៅមួយផ្នែករបស់ប្រជាជនក្នុងតំបន់ ប៉ុន្តែកម្ពុជាត្រូវការជាចាំបាច់ឲ្យមានថាមពលអគ្គិសនី ដែលជារបស់ខ្លួន ដើម្បីអាចធានាបាននូវភាពរឹងមាំនៃខឿនសេដ្ឋកិច្ច និងសន្តិសុខ ជាតិ ព្រមទាំងធានាបាននូវសុវត្ថិភាពថាមពលជូនប្រជាពលរដ្ឋ”

លោក សាយ សំអាល់ ស្នើដល់ក្រុមហ៊ុនគិតគូឲ្យបានគ្រប់ជ្រុងជ្រោយអំពីជីវភាពប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ ដោយផ្តល់ថាមពលអគ្គិសនីទៅដល់ប្រជាសហគមន៍ប្រើប្រាស់ក្នុងការកែច្នៃផលិតផលកសិកម្មរបស់ពួកគាត់ ដើម្បីរួមចំណែកជួយឲ្យជីវភាពប្រជាសហគមន៍កាន់តែមានភាពប្រសើរឡើង។ លោករដ្ឋមន្រ្តីក៏បានវាយតម្លៃខ្ពស់ ចំពោះការអនុវត្តគម្រោងរបស់ក្រុមហ៊ុនដែលបានធ្វើឡើងទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងស្របតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

វឌ្ឍនភាពនៃការសាងសង់ទំនប់វារីអគ្គិសនីនេះ ស្របទៅ និងកិច្ចខិតខំប្រឹងប្រែងក្នុងការថែរក្សាអភិរក្សព្រៃឈើ និងសត្វព្រៃក្នុងតំបន់នោះត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាបាននូវកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅប្រកបដោយចីរភាពរបស់ពលរដ្ឋ៕

មតិយោបល់