ព័ត៌មានជាតិ

កាមរីបាឡែនដឹកឈើប្រណីតរត់ការសមត្ថកិច្ចរួចហើយនៅតែចាប់ទៀត

ស្ទឹងត្រែង: រថយន្តកាមរីបាឡែនពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2X-1365 មួយគ្រឿង ត្រូវបានអាវុធហត្ថស្រុកសេសានបង្ក្រាបបានកាលពីយប់រំលងអធ្រាត្រឈាន់លថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចស្រែតាចាន់ ស្ថិតក្នុងភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

កងរាជអាវុធហត្ថបន្តថា ជនសង្ស័យដែលឃាត់ខ្លួនបានមានចំនួន២នាក់ ទី១.ឈ្មោះ ធី អុត ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ។ ទី២.ឈ្មោះ ភី ថា ហៅថា ក្របី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ។ អ្នកទាំង២ គឺជាម្ចាស់ឈើ រស់នៅភូមិស្រែគរមួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាមួយគ្នាផងដែរ។

កងរាជអាវុធហត្ថបានបញ្ជាក់ថា រថយន្តដែលកម្លាំងយើងឃាត់បានជារថយន្តកាម៉ារីបាឡែន ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X-1365 ហើយនៅក្នុងរថយន្តនោះបានផ្ទុកឈើប្រណីតប្រភេទ(ធ្នង់)ពេញរថយន្ត ដែលមានចំនួន៦៧ដុំ ស្មើនឹង០,៨៤២ផ្លាន(ជិតមួយម៉ែត្រគូប)។

ចំពោះរថយន្តដឹកឈើខាងលើនេះត្រូវបានម្ចាស់ឈើប្រាប់ថា មិនមែនជារថយន្តរបស់គាត់ទេ គឺពួកគាត់បានជួលរថយន្តមួយគ្រឿងនេះពីឈ្មោះ លុច ដើម្បីយកមកដឹកឈើក្នុងតម្លៃគិតតាមមុខឈើក្នុងនោះមាន១ដុំ៧០០០រៀល និង១ដុំ ៨០០០រៀលគិតតាមដុំធំ ឬតូច។

ជុំវិញករណីចាប់រថយន្តកាម៉រីបាឡែនដឹកឈើខាងលើនេះ បើតាមសំដីរបស់បុរសទាំង២នាក់ ដែលជាម្ចាស់ឈើបាននិយាយប្រាប់ឲ្យអ្នកយកព័ត៌មានយើងដឹងថា មុននឹងពួកគាត់ហ៊ានដឹកឈើចេញពីចំណុចខាងលើនេះ គឺពួកគាត់បានរត់ការឲ្យលុយសមត្ថកិច្ចគ្រប់ស្ថាប័នរួចរាល់ហើយ ប៉ុន្តែពួកគាត់ក៏មិនបានដឹងថា មូលហេតុអ្វីដែលខាងអាវុធហត្ថស្រុកសេសានចាប់រថយន្តដឹកឈើរបស់ពួកគាត់ទៀតទេ។

ពួកគាត់បានបង្ហើបប្រាប់បន្ថែមទៀតថា មុននឹងចាប់ផ្តើមដឹកឈើពួកគាត់ត្រូវខលទូរស័ព្ទប្រាប់ទៅសមត្ថកិច្ចទាំងអស់នោះឲ្យដឹងជាមុនសិន ដើម្បីសុំរត់ការដឹកឈើ ទើបពួកគាត់ហ៊ានដឹក។ នៅពេលដែលការងារបានសម្រេចទើបពួកគាត់យកលុយមកឲ្យសមត្ថកិច្ចទាំងនោះ។

ក្នុងការសុំរត់ការដឹកឈើពីសមត្ថកិច្ចទាំងអស់នោះ ពួកគាត់ត្រូវបង់លុយឲ្យសមត្ថកិច្ចគ្រប់ស្ថាប័នក្នុងរថយន្តដឹកឈើមួយគ្រឿងត្រូវចំណាយលុយឲ្យសមត្ថកិច្ចទាំងនោះដែលមានរាយនាមដូចខាងក្រោយ ៖

-មេព្រៃ ឈ្មោះ ណុប ៣ម៉ឺនរៀល

-ប៉ូលិសមាន៣នាក់:

-ទី១ឈ្មោះ លាង ៣ម៉ឺនរៀល.

-ទី២ឈ្មោះ អ៊ុយ ៣ម៉ុនរៀល.

-ទី៣មិនស្គាល់ឈ្មោះ គ្រានតែដឹងថា ជាកូនចៅរបស់ ឈ្មោះ សិទ្ធ ៣ម៉ឺនរៀល

-PMស្រុកសេសានមាន២នាក់៖ ទី១ឈ្មោះ ធី មេPM ស្រុកសេសាន ៤ម៉ឺនរៀល ទី២.ឈ្មោះ រិទ្ធ ដែលជាកូនចៅ ៥ ម៉ឺនរៀល ព្រមទាំងសមត្ថកិច្ចផ្សេងទៀតដែលនៅតាមដងផ្លូវចាំយកលុយ។

ពួកគាត់បញ្ជាក់ថា បើសរុបទឹកលុយដែលត្រូវរត់ការសមត្ថកិច្ចទាំងអស់ ក្នុងមួយឡាន គឺត្រូវចំណាយលុយអស់ប្រហែលជាជាង៤០ម៉ឺនរៀល ទើបអាចធ្វើការដឹកឈើបាន។

បច្ចុប្បន្នរថយន្តដឹកឈើត្រូវបានរក្សាទុកក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចំណែកឯវត្ថុតាងឈើប្រណីត ព្រមទាំងម្ចាស់ឈើទាំង២នាក់ខាងលើត្រូវបានកម្លាំងអាវុធហត្ថខេត្ត កសាងសំណុំរឿង និងធ្វើការប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តរួចរាល់ហើយ។

សូមបញ្ជាក់ថា រថយន្តកាម៉ារីបាឡែនដឹកឈើប្រណីត ដែលអាវុធហត្ថខេត្តស្ទឹងត្រែង និងអាវុធហត្ថខេត្តរតនគីរី ចាប់បានកាលពីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ នេះ ត្រូវបានគេសង្ស័យថា ម្ចាស់ឈើ គឺជាមនុស្សតែម្នាក់ ព្រោះថា រថយន្តទាំង២គ្រឿងនេះ មានពណ៌ដូចគ្នា ស្លាកលេខដូចគ្នា ព្រមទាំងដឹកឈើប្រណីតប្រភេទ(ធ្នង)ដូចគ្នា៕

មតិយោបល់