ភ្នំពេញៈ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នេះ សមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខលួនជនសង្ស័យចំនួន៦នាក់ ដែលពាក់ព័ន្ធករណីកាច់កម៉ូតូ និងទទួលផលចោរកម្ម យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី។
យោងតាមរបាយការណ៍សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង៦នាក់៖
-ទី១ឈ្មោះ ត្រមុជ ស៊ីនោ ភេទប្រុស អាយុ២៦ ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ២០០៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
-ទី២ឈ្មោះ លឹម ភារម្យ ភេទអាយុ២៨ ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤៤ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
-ទី៣ឈ្មោះ ភ័ក្រ ពន្លឺ ភេទប្រុសអាយុ២២ ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ៨ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ ជនសង្ស័យទាំង៣នាក់ ជាអ្នកធ្វើសកម្មភាព កាច់កម៉ូតូយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ។
-ទី៤ឈ្មោះ ម៉ុង ឡុង ភេទប្រុសអាយុ២៥ ឆ្នាំមុខរបរ ជាងបិទតែមម៉ូតូ និងអ្នកទិញម៉ូតូចោរ ស្នាក់នៅតូបលេខ៣២៣ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
-ទី៥ឈ្មោះ ហួត រស្មី ហៅសូន ភេទប្រុស អាយុ២៩ឆ្នាំមុខរបរ អ្នកទិញម៉ូតូចោរ ស្នាក់នៅផ្ទះលេខ១១អា ផ្លូវ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជនសង្ស័យទាំង២នាក់ ជាអ្នកទទួលផលចោរកម្ម ។
-និងទី៦ ឈ្មោះ តោ ដារ៉ា ភេទប្រុសអាយុ៣៤ ឆ្នាំមុខរបរ នគរបាលនាយដ្ឋានប្រឆាំងភេរវកម្ម ក្រសួងមហាផ្ទៃ ស្នាក់នៅផ្ទះលេខ៥៩ ផ្លវបេតុង ភូម២សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជនសង្ស័យជាអ្នកផ្ដល់ទីតាំងប្រព្រឹត្ដិបទល្មើសទទួលផលចោរកម្ម ។
ដោយឡែកជនរងគ្រោះ មានឈ្មោះម៉ន សារីន ភេទប្រុសអាយុ៣២ ឆ្នាំស្នាក់នៅចំណុចហាងលក់ទូរសព្ទ ផ្លូវម៉ុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ នៅវេលាម៉ោង១៥ និង៣០នាទី ជនសង្ស័យទាំង៣នាក់ បានចេញមកធ្វើសកម្មភាពលួចម៉ូតូ បានមួយគ្រឿងម៉ាក ហុងដា ប៊ិច ពណ៌ខៀវ ដែលពាក់ស្លាកលេខភ្នំពេញ 1GV- 5665 ដែលជនរងគ្រោះចតទុកចំណុចមុខហាងលក់ទូរសព្ទ ផ្លូវម៉ុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ហើយជនរងគ្រោះ ក៏បានទៅដាក់ពាក្យបណ្ដឹង នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លុះដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ទើបកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ នៅចំណុចផ្ទះលេខ ៩៤ ផ្លូវ៣៧៤ ក្រុម១១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលជាប់ពាក់ព័ន្ធករណីលួចម៉ូតូយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ។
ក្នុងប្រតិបត្ដិការបង្ក្រាបជនសង្ស័យទាំង៦នាក់នេះ សមត្ថកិច្ចបានដកហូតម៉ូតូចំនួន១៣ គ្រឿង ដែលជនសង្ស័យធ្វើសកម្មភាពកាច់ក និងធ្វើសកម្មភាពលួច រួមជាមួយទាំងស្លាកលេខម៉ូតូចំនួន៩បន្ទះ , ប័ណ្ណសំគាល់យានយន្ដចំនួន៥ប័ណ្ណ, ឧបករណ៍សោ និងសម្ភារៈ សម្រាប់កាច់ក ម៉ូតូមួយចំនួនទៀត៕
មតិយោបល់