ព័ត៌មានជាតិ

រថយន្តក្រុងរបស់ប្រទេសវៀតណាមមួយគ្រឿងប៉ះជាមួយនិងម៉ូតូ បុរស​ម្នាក់របួសធ្ងន់ នៅ​ខណ្ឌចំការមន

ភ្នំពេញៈ រថយន្តក្រុងរបស់ប្រទេសវៀតណាមមួយគ្រឿង បានប៉ះជាមួយនិងម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ខណៈដែលរថយន្តនិងម៉ូតូទាំង២គ្រឿងធ្វើដំណើរស្របទិសគ្នានិងទាក់ដៃចង្កូតដួលនោះ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង ១០និង ៣០នាទីព្រឹក ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៨ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់
ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គឺរថយន្តក្រុងរបស់ប្រទេសវៀតណាមមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ប្រទេសវៀតណាម បានធ្វើដំណើរចេញពីភ្នំពេញ ក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានទាក់ដៃចង្កូតជាមួយនិងម៉ូតូម៉ាក MOVE ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CY2632 មួយគ្រឿងដួលហើយបណ្តាលឲ្យបុរសអ្នកបើកបរម៉ូតូម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង។

ក្រោយពេលកើតហេតុ បុរសជាជនរងគ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកឯរថយន្តក្រុងបង្ក​និង​ម៉ូតូ ត្រូវបានបញ្ជូន ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ក្រុង ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាក្រោយទៀត៕

មតិយោបល់