ព័ត៌មានជាតិ

សំណុំរឿង បើកល្បែងស៊ីសងភ្នាល់បាល់អនឡាញ នៅខណ្ឌទួលគោក តុលាការលែង​៥នាក់ ដាក់គុក​៧នាក់​មួយសន្ទុះសិន

ភ្នំពេញៈ ក្រោយពីមានអ្នករត់ការខ្វែងខ្វាត់ ស្ទើរបាក់កាំជណ្តើរតុលាការក្រុងភ្នំពេញរួចមក យ៉ាងហោចណាស់មាន ជនត្រូវចោទ ប្រុសស្រី​៥នាក់ ក្នុងចំណោម ១២នាក់ ត្រូវបាននគរបាលខណ្ឌទួលគោករាយការណ៍ថា ត្រូវតុលាការសម្រេចដោះលែងឲ្យទៅផ្ទះវិញ ក្រោមហេតុផលបញ្ជូនរឿងឲ្យជំនុំជម្រះផ្ទាល់។

ប្រភពពីនគរបាលខណ្ឌទួលគោក បញ្ជាក់ថា ចំណែកជនត្រូវចោទប្រុសស្រី ចំនួន​៧នាក់ ត្រូវលោក ឌុច សុខសារិន ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកា បង្គាប់ឲ្យដាក់គុកសិន រង់ចាំសេចក្តីសម្រេចស្ងាត់ៗ នាពេលក្រោយ។

នគរបាលខណ្ឌទួលគោក អះអាងថា ជាទូទៅក្រុមមេបនល្បែរស៊ីសង មិនសូវជាប់គុកបានយូរទេ តែងតែបានចេញក្រៅឃុំជាបណ្តោះអាសន្ន ដោយស្ងាត់ៗ ព្រោះពួកគេ មិនចង់ជាប់គុកយូរ ខ្លាចខាត មិនបានរកស៊ីមុខរបរ ដើមដដែល ដែលកំពុងកាក់កប។

នគរបាលខណ្ឌទទួលគោក បានបន្ថែមថា ក្រុមជនត្រូវចោទប្រុសស្រី ទាំង១២ នាក់ (ដោះលែង ៥នាក់ និងដាក់គុក​៧នាក់) ត្រូវបាន លោក សឿ ឡងឌី ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ និងសម្រេចចោទប្រកាន់ ពាក់ព័ន្ធបទល្មើសបើកបនល្បែងភ្នាល់បាល់អនឡាញ និងល្បែងកន្ទុយលេខ រួចបានបញ្ជូនរឿង ទៅលោក ឌុច សុខសារិន ជាចៅក្រមស៊ើបសួរ ដើម្បីសម្រេចតាមនីតិវិធី។

គួររំលឹកថា កាលពីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំ ដោយលោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក និងដោយមានការអនុញ្ញាតដោយផ្ទាល់មាត់ពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្រ្កាបទីតាំង បើកលេងល្បែងស៊ីសងខុសច្បាប់ ភ្នាល់បាល់អនឡាញ កត់ឆ្នោតកន្ទុយលេខ ឆ្នោតវៀតណាម នៅចំណុចទីតាំងផ្ទះលេខ៣ ផ្លូវលេខ២៣១ ក្រុម១ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងការបង្ក្រាបសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្ស បានចំនួន ១២នាក់ ក្នុងនោះមានស្រី៦នាក់ ដោយមានភ្នាក់ងារស៊ីសង ចំនួន៨នាក់ (ប្រុស២នាក់) និងអ្នកលេង៤នាក់ និងដកហូតយកវត្ថុតាងពាក់ព័ន្ធនឹងល្បែងមួយចំនួន។

វត្ថុតាងចាប់យក រួមមានពាក់ព័ន្ធនឹងឆ្នោតកន្ទុយលេខវៀតណាម , ក្រដាសកត់ឆ្នោត ២៣សន្លឹក, ត្រាចុះថ្ងៃខែចំនួន៤, ម៉ាស៊ីនគិតលេខ២, ប្រាក់រៀលចំនួន ១៦៦៩០០០ រៀល, ប្រាក់ដុល្លារ ១៥៣ដុល្លារ។

វត្ថុតាងចាប់យកល្បែងភ្នាល់បាល់រួមមាន ម៉ូនីទ័រចំនួន១៥ គ្រឿង, ឃីបតចំនួន១៣ គ្រឿង, ម៉ៅចំនួន១៥ គ្រឿង , ម៉ាស៊ីនព្រីន បុងបាល់ចំនួន ០៣គ្រឿង , ម៉ាស៊ីនព្រិនក្រដាសចំនួន១គ្រឿង, ប្រាក់រៀលចំនួន ៧២៥០០រៀល, ម៉ាស៊ីនDVRផ្ទុករូបភាព១គ្រឿង៕

មតិយោបល់