កណ្តាលៈ មានករណីបុរសម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម បណ្តាលឲ្យស្លាប់កាលពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៥ល្ងាច នៅចំណុចត្រពាំងរលួស ភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ណូ នីម ភេទ ប្រុស អាយុ៤៥ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិឃុំកើតហេតុ ដោយមានប្រពន្ធឈ្មោះ ឈឺន សុភី អាយុ៤៨ឆ្នាំ និងមានកូន៤ នាក់ ស្រីម្នាក់។
កន្លងមកជនរងគ្រោះតែងតែផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ និងមានសភាពរញីរញ័រ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៥ល្ងាច ជនរងគ្រោះចេញពីផ្ទះយកមងទៅរាយនៅអង់តែនត្រពាំងរលួស ដោយមិនឃើញត្រឡប់មកផ្ទះវិញទេ ហើយក្រុមគ្រួសារបានដើររកតែរកមិនឃើញ លុះដល់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១០ព្រឹក ឈ្មោះ និត ប៉ុណ្ណា ភេទប្រុស បានទៅមើលមងនៅចំណុចត្រពាំងរលួស ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ក្នុងទឹកជម្រៅ ០,5 ម៉ែត្រ ចម្ងាយ ៦ ម៉ែត្រ ពីផ្លូវ និងឃើញមានមងនិងកន្ធន់នៅជិតជនរងគ្រោះ ហើយមកប្រាប់ក្រុមគ្រួសារសព និងរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកតាមាក់។
បន្ទាប់សមត្ថកិច្ចផ្នែកនគរបាលពិនិត្យហេតុ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារសព ធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ សាកសពមានសភាពពោះប៉ោង មានឈាមលាយទឹកហូរចេញតាមមាត់ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។ ក្រោយពេលពិនិត្យរួចបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់