ភ្នំពេញៈ រថយន្ត២គ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបែកជាបួនបណ្តាលឲ្យរថយន្តមួយគ្រឿងរេចង្កូតទៅបុកខឿនដាក់កាពារលូរ បណ្តាលឲ្យធ្លាក់ចូលទឹកលូរបាត់ ហើយរថយន្តជិតធ្លាក់ចូលលូរដូចគ្នា តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង២៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ទី២២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៤៣២ កែងផ្លូវ ១០៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តព្រុស ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ សៀមរាប 2B-5172 បើកតាមបណ្តោយផ្លូវ ៤៣២ ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់ផ្លូវបែកជាបួន ស្រាប់តែមានរថយន្តម៉ាកឡិចស៊ីស RX-330 មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AS-8945 បើកតាមបណ្តោយផ្លូវ១០៥ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនដូចគ្នាស្រាប់តែបុករថយន្តព្រុសចំពាក់កណ្តាលរថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តព្រុសខ្ទាតទៅបុករបាំងថ្មការពារលូរបណ្តាលឲ្យរងការខូចខាតរថយន្តទាំងសងខាង និងរបាំងថ្មយ៉ាងដំណំប៊ិះនឹងត្រូវធ្លាក់រថយន្តចូលលូរទៀត តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។
ក្រោយពេលកើតសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុវាស់វែងយករថយន្តទាំង២យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕
មតិយោបល់