ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូត្រង់ចំណុចផ្លូវបែកជាបួនបណ្តាលឲ្យបុរសស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ: រថយន្តមួយគ្រឿង មិនចាំម៉ាកបើកបរក្នុងល្បឿនលឿន ដល់ចំណុចផ្លូវបែកជាបួនជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿង ជិះដោយបុរសម្នាក់ បណ្តាលឲ្យដួលបោកក្បាលស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធម៌ រួចរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៩ និង៤០នាទីយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ៥២៨ កែងនិងផ្លូវ៣១៧ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពជនរងគ្រោះ(ស្លាប់) មានឈ្នោះ ហិម រិទ្ធី ហៅ កក់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរធ្វើការនៅក្រុមហ៊ុនមួយកន្លែង ស្នាក់នៅ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ មានស្រុកកំណើតនៅស្រុករំដួល ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញ រថយន្តគ្រឿងមិនចាំម៉ាក បានធ្វើដំណើរតាមបណ្តោយផ្លូវ៥២៨ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ផ្លូវបែកជាបួនកែង និងផ្លូវ៣១៧ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតបុកម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់ស៊េរី០១៣ ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង1G-9785 ជិះដោយរងគ្រោះ តាមបណ្តោយផ្លូវ៣១៧ ទិសដៅត្បូងទៅជើងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះដួលបោក និងថ្នល់ស្លាប់នៅនឹងកន្លែងភ្លាមៗ ចំណែករថយន្តបង្ក មិនឈប់ទទួលខុសត្រូវនោះទេ បានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល។ បន្សល់ទុកជនរងគ្រោះស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ និងទាក់នងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើកុសល្យវិច័យ រួចប្រគល់ម៉ូតូ និងសពជនរងគ្រោះឲ្យទៅសាច់ញាត្តិ យកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
//youtu.be/JiyFxVm30Ls

មតិយោបល់