សៀមរាបៈ តុលាការសម្រេចឃុំខ្លួន ថៅកែ ម៉ាស្សា ប្រុសស្រី ៣នាក់ ដាក់ពន្ធនាគារខេត្ត បន្ទាប់ពីកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការបង្ក្រាបទីតាំងម៉ាស្សា ២កន្លែងផ្សេងគ្នា ក្នុងថ្ងៃតែមួយ ដែលបង្កប់សេវាផ្លូវភេទ និងរំដោះ បាននារីបំរើការនៅក្នុងហាងចំនួន ៥នាក់ផងដែរ ព្រមទាំងធ្វើការបិតទីតាំងនោះជាបណ្តោះអាសន្ន។
ចំណែកនារីរងគ្រោះដែលសុទ្ធសឹងជាអនិតិជន (ក្រោមអាយុ១៥ឆ្នាំ) ត្រូវបានធ្វើការប្រគល់ឲ្យទៅមន្ទីរសង្គមកិច្ចការងារខេត្ត ដើម្បីអប់រំកែប្រែ និងផ្តល់ជំនាញផ្សេងៗ ដល់
ពួកគាត់ ដែលពួកគាត់អាចទទួលយកបាន។
ក្នុងករណីចុះបង្រ្កាបនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ក្នុងភូមិត្រៀក សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប។
តាមការបង្ហាញរបស់លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត បានឲ្យដឹងនៅវេលាម៉ោង ៧និង៥៨នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ថាមុនពេលកម្លាំងធ្វើសកម្មភាព កម្លាំងជំនាញ បានចុះស្រាវជ្រាវរហូតឈានដល់ធ្វើការឃាត់ខ្លួន បានថៅកែហាងម៉ាស្សា ប្រុសស្រីចំនួន ៣នាក់ នៅទីតាំងពីរផ្សេងគ្នា រួចនាំយកមកសាកសួរនៅការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត។
លោកបានបញ្ជាក់ថា បន្ថែមទៀតថា៖
ទីតាំងទី១ ឃាត់ខ្លួនបាន (ថៅកែម៉ាស្សា ២នាក់ ប្តី ប្រពន្ធទី១ ឈ្មោះ ថៃ នី ភេទស្រី អាយុ ៣០ឆ្នាំ មានស្រុកកំណើតភូមិផ្កាដូង ឃុំក្រូចឆ្មា ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម (ប្រពន្ធ) និង ប្តី ឈ្មោះ គឹម គន្ធា អាយុ៣៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួល បើកហាងម៉ាស្សា យីហោ ៧៧៧៧ តាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ក្នុងភូមិត្រៀក សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប។
ទីតាំង ទី២/ឈ្មោះ ទុយ ស្រីមុំ ភេទស្រី អាយុ ៣៧ឆ្នាំស្រុកកំណើតភូមិចុងឃ្នៀង សង្កាត់ចុងឃ្នៀស ក្រុង/ខេត្តសៀមរាប ដែលមានយីហោ 999 បច្ចុប្បន្ន ស្នាក់នៅ ភូមិត្រៀក សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប។
លោកបានបញ្ជាក់បន្ថែមថា ក្រោយឃាត់ខ្លួនថៅកែម៉ាស្សា ចំនួន២ទីតាំង នៅកន្លែងផ្សេងគ្នា ក្នុងថ្ងៃតែមួយ រួចមកកម្លាំងជំនាញយើង បានធ្វើការឆែកឆេរ រកឃើញ ជនរងគ្រោះ ជា នារី ចំនួន ៥នាក់ ដែលសុទ្ធសឹងជាអនិតិជន(ក្រោមអាយុ១៥ឆ្នាំ) ហើយរំដោះយកចេញ និងបានប្រគល់ឲ្យទៅមន្ទីរសង្គមកិច្ច ដើម្បីអប់រំកែប្រែ និងផ្តល់ជំនាញផ្សេងៗ ដែលពួកគាត់អាចទទួលយកបានផងដែរ៕
មតិយោបល់