ព័ត៌មានជាតិ

ចុម! ជនសង្ស័យ២នាក់លួចម៉ូតូគេជិះគេចខ្លួន ម្ចាស់ឃើញទាន់ដេញតាម ជនសង្ស័យផ្ទុះអាវុធ២គ្រាប់ គេចខ្លួនបាត់ស្រមោល

ភ្នំពេញ: ជនសង្ស័យចំនួន២នាក់បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងជិះគេចខ្លួនជនរងគ្រោះឃើញជិះម៉ូតូដេញតាមជនសង្ស័យផ្ទុះអាវុធ២គ្រាប់គេចខ្លួនបាត់ស្រមោលបន្សល់ទុកសំបកគ្រាប់ចំនួន២និងម៉ូតូជនរងគ្រោះនៅកន្លែងកើតហេតុ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងលិចការ៉ាស់សាំងPTT តាមផ្លូវ១០៧ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គង់​គីម ភេទប្រុស អាយុ២៩ឆ្នាំ ជាមុខរបរមន្ត្រីរាជការ ស្នាក់នៅភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពលួចនោះម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BX-1073។

តាមប្រភពពត៌មានពីបុរសម្នាក់ជាអ្នកឌុបជនរងគ្រោះដេញតាមជនសង្ស័យបានឲ្យដឹងថាគាត់បានឌុបជនគ្រោះដេញតាមជនសង្ស័យ២នាក់ដែលបានលួចម៉ូតូនៅក្រោយវីងម្តុំប៉ុស្តិ៍លេខ៣ ផ្លូវ៥៩៨ សង្កាត់ទួលសង្កែទី២ ដោយគ្នាវាជិះម៉ូតូ២គ្រឿងគ្នា២នាក់ ដល់ចំណុចកើតហេតុជនសង្ស័យម្នាក់បានធ្វើសកម្មភាពផ្ទុះអាវុធ២គ្រាប់ ហើយឡើងជិះម៉ូតូគ្នាវាមួយគ្រឿងគេចខ្លួនបាត់។

នៅកន្លែងកើតហេតុគេឃើញសំបកគ្រាប់ចំនួន២គ្រាប់ ត្រូវបានសមត្ថកិច្ចរើសយកទៅរក្សាទុក និងម៉ូតូរបស់ជនរងគ្រោះមួយគ្រឿងដែលជនសង្ស័យបន្សល់ទុកនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចខណ្ឌប៉ុស្តិ៍ និងកម្លាំងកងរាជអាវុធហត្ថក៏បានទៅដល់កន្កែងកើតហេតុនិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ផងដែរ៕

មតិយោបល់