តែខ្ញី ត្រូវបានគេទទួលស្គាល់ជាឱសថធម្មជាតិដ៏ល្អបំផុតសម្រាប់សុខភាព ហើយមានការប្រើប្រាស់យ៉ាងទូលំទូលាយផងដែរ។ ទោះជាយ៉ាងណាតែខ្ញី មិនមែនល្អទាំងអស់ដូចអ្វីដែលអ្នករាល់គ្នាគិតនោះឡើយ ក្នុងករណីប្រើប្រាស់មិនត្រឹមត្រូវអាចបង្កឲ្យមានផលប៉ះពាល់មួយចំនួន។
បញ្ហាប្រព័ន្ធរំលាយអាហារ
ការទទួលទានតែខ្ញី ច្រើនពេក អាចនាំឲ្យក្រពះផលិតជាតិអាស៊ីតច្រើន ដែលអាចជះឥទ្ធិពលអាក្រក់ទៅលើប្រព័ន្ធរំលាយអាហារ ឈឺពោះ ចាល់ជាតិអាស៊ីត និងឆ្អល់ចុងដង្ហើម…។ ដូច្នេះ អ្នកដែលមានបញ្ហាក្រពះ មិនគួរប្រើតែខ្ញី ច្រើនពេកនោះទេ ព្រោះវាធ្វើឲ្យជំងឺកាន់តែអាក្រក់
គេងមិនលក់
កុំប្រើប្រាស់តែខ្ញី នៅពេលល្ងាចឲ្យសោះ ដោយសារតែជាតិកាហ្វេអ៊ីន របស់វាអាចបណ្តោលឲ្យអ្នកគេងមិនលក់ និងអស់កម្លាំង។
សម្ពាធឈាមទាប
អ្នកដែលមានបញ្ហាសម្ពាធឈាមទាប ពុំគួរញ៉ាំតែខ្ញី ច្រើនពេកនោះទេ។ ព្រោះតែខ្ញី មានផ្ទុកសារធាតុដែលដើរតួនាទីជាភ្ញាក់ងារប្រតិកម្មជាមួយឈាម ដែលអាចបណ្តោលឲ្យមានបញ្ហាចំពោះអ្នក មានបញ្ហាលំហូរឈាម។
គ្រោះថ្នាក់ដល់ស្ត្រីមានផ្ទៃពោះ
ការទទួលទានតែខ្ញីមួយពែង មិនជាអ្វីនោះទេ ក៏ប៉ុន្តែប្រសិនបើស្ត្រីមានផ្ទៃពោះទទួលទានច្រើនពេក អាចបណ្តោលឲ្យស្បូនកន្ត្រាក់ខ្លាំង និងគ្រោះថ្នាក់ដល់គភ៌។ មិនតែប៉ុណ្ណោះ ក្មេងក្រោមអាយុ ២ឆ្នាំ ក៏មិនគួរឲ្យទទួលទានតែខ្ញីដែរ។
ក្រៅពីនេះ មនុស្សមួយចំនួនដែលមានជំងឺបេះដូង ទឹកនោមផ្អែម និងគ្រួសក្នុងថង់ប្រមាត់ គួរតែពិគ្រោះជាមួយគ្រូពេទ្យសិន ដើម្បីជៀសផុតពីផលប៉ះពាល់។
អ្នកជំនាញបានផ្តល់អនុវសាសន៍ថា អ្នកគួរតែទទួលទានតែខ្ញីត្រឹមតែមួយថ្ងៃ ១ពែងបានហើយ ជាពិសេសប្រសិនបើអ្នកលាយជាមួយទឹកឃ្មុំបន្តិច គឺកាន់តែប្រសើរ៕
មតិយោបល់