ព័ត៌មានជាតិ

Update៖ សន្តិសុខម្នាក់ ក្រោយពីថៅកែមិនបើកប្រាក់ខែឲ្យ ជួបវិបត្តិផ្លូវចិត្ត មិនដឹងលោតទឹក ឬលង់ស្លាប់នោះទេ ទើបប្រទះឃើញសព…

ភ្នំពេញៈ បុរសជាសន្តិសុខម្នាក់ ក្រោយថៅកែមិនបើកប្រាក់ខែឲ្យ បានជួបវិបត្តិក្នុងគ្រួសារ មិនដឹងយ៉ាងម៉េច ស្រាប់តែឃើញលង់ទឹកស្លាប់ បន្សល់ទុកកូនកំព្រា៤នាក់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងទន្លេសាប ក្រុម៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រ លេខ៦ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បុរសរងគ្រោះខាងលើមានឈ្មោះ អឿ រ៉ាវី អាយុ ៤៨ឆ្នាំ មុខរបរសន្តិសុខនៅក្នុងក្រុមហ៊ុនមួយកន្លែង ស្នាក់នៅភូមិ-ឃុំកើតហេតុ។

តាមប្រភពព័ត៌មានឲ្យដឹងថា បុរសខាងលើ បានបាត់ខ្លួន តាំងពីម៉ោងប្រមាណ ៣និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២០ ដោយក្រុមគ្រសារ បានដើររកមិនឃើញសោះ ក្រោយមកក៏ប្រទះឃើញស្បែកជើងជនរងគ្រោះ នៅច្រាំងទន្លេ និងឃើញមួកជនរងគ្រោះអណ្តែតទឹក ព្រមទាំងបានសាកសួរអ្នកជិះទូក គេប្រាប់ថា ឃើញបុរសខាងលើ បានដើរចុះទឹក នៅវេលាម៉ោងកើតហេតុ តែត្រូវគេដេញឲ្យឡើងគោកវិញ ហើយមិនថា គាត់ដើរទៅណាទៀតទេ។

បន្ទាប់ពីឮបែបនេះ ក្រុមគ្រួសារសង្ស័យថា គាត់អាចនឹងលង់ទឹក តែដោយគ្មានលុយជួលគេមុជរាវរកផង ទើបក្រុមគ្រួសារ បានត្រឹមអង្គុយចាំមើលសពអណ្តែតឡើងប៉ុណ្ណោះ តាំពីថ្ងៃកើតហេតុ រហូតដល់ថ្ងៃប្រទះឃើញ គឺនៅវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី ១៦ ខែមករា ឆ្នាំដដែលនេះ។

តាមប្រភពពីអ្នកភូមិឲ្យដឹងថា បុរសខាងលើ មានវិបត្តិផ្លូវចិត្ត ប្រហែលបួនខែមកហើយ ដោយជីវភាពក្រីក្រពេក ហើយក្នុងគ្រួសារចេះតែរកាំរកូស ម្យ៉ាងនៅពេលគាត់ទៅធ្វើការជាសន្តិសុខ រយៈពេលជាងមួយខែហើយ ថៅកែមិនបើកលុយឲ្យទៀត ធ្វើឲ្យគាត់ជួបវិបត្តិកាន់តែធ្ងន់ធ្ងរ។

យ៉ាងណាមិញ គេនៅមិនទាន់ដឹងថា ជនរងគ្រោះ លោតទឹកសម្លាប់ខ្លួន ដោយខ្លួនឯង ឬក៏ភាំងស្មារតីដើរចូលទឹក បណ្ដាលឲ្យលង់ស្លាប់នោះទេ។ សពក្រោយសមត្ថកិច្ចពិនិត្យរួច ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តទួលសន្តិវន្ត៕

មតិយោបល់