ភ្នំពេញៈ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១០និង២៥នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានដាក់គោលដៅត្រួតពិនិត្យ និង រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពីបទប៉ុនប៉ងលួច (ប៉ុនប៉ងលួចម៉ូតូ) ឃាត់ខ្លួនបាននៅចំណុចមុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ផ្លូវម៉ៅសេទុង ក្រុមទី៥០ ភូមិ៨ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ១.ឈ្មោះ សែម សារឿន ហៅរឿន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅចល័តក្នុងផ្សារនាគមាស (ដេកតាមស្តង់ផ្លែឈើ) សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ (មានដែកសម្រាប់កាច់សោ.កម៉ូតូនៅក្នុងខ្លួន) និងធ្លាប់ជាប់ពន្ធនាគារ ម១ ព្រៃ ស ក្នុងឆ្នាំ២០១៤ រយ:ពេល០៦ ខែ ពីបទលួច(លួចកង់) ហើយធ្វើតេស្តិ៍ទឹកនោម មានសារធាតុញៀន។ ទី២.ឈ្មោះ ផល សារ៉ុម ហៅខ្នុយ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៧២ ផ្លូវលំ ក្រុមទី២ សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ (អ្នកបើកម៉ូតូ) ធ្វើតេស្តិ៍ទឹកនោម មានសារធាតុញៀន។
ក្នុងនោះដែរ សមត្ថកិច្ចដកហូតបាន វត្តុតាងចាប់យក សោខ្សៀរលេខ៨ចំនួន០១ និង ដែកសំប៉ែតចុងស្រួចកែច្នៃចំនួន១ (ដកពីជនសង្ស័យឈ្មោះ សែមសារឿន ), ម៉ូតូចំនួន១គ្រឿង ម៉ាក Honda S.L ពណ៌ទឹកប្រាក់ ពាក់ស្កាកលេខ ភ្នំពេញ 1BG-7946 (ដកពីជនសង្ស័យឈ្មោះ ផល សារ៉ុម) ,ទូរសព្ទចំនួន៣គ្រឿង ( ម៉ាកOppo) ពណ៌មាស បែកកញ្ចក់មុខ ចំនួន១គ្រឿង, ម៉ាក MGT ពណ៌ផ្កាឈូក ចំនួន១គ្រឿងបែកកញ្ចក់មុខ និងម៉ាកNokia អិនចុចពិលពណ៌ស ចំនួន១គ្រឿង ) ។
បច្ចុប្បន្ន ជនសង្ស័យឈ្មោះ សែម សារឿន និងឈ្មោះផល សារ៉ុម ហៅខ្នុយ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការសាកសួរ និង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់