អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃច័ន្ទថា លោករំពឹងទុកថា កិច្ចប្រជុំកំពូលលើកទី២ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងត្រូវបានប្រកាស នាពេលដ៏សមរម្យ ឆាប់ៗខាងមុខនេះ ប៉ុន្តែទីតាំងនោះ មិនទាន់ត្រូវបានកំណត់នៅឡើយទេ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨។
លោក ត្រាំ ក្នុងអំឡុងជំនួប ជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន នៅអង្គការសហប្រជាជាតិ បានមានប្រសាសន៍ថា «លោកប្រធាន គឹម បានបើកចំហចំពោះកិច្ចចរចាយ៉ាងប្រាកដ ដែលវាគឺជារឿងអស្ចារ្យណាស់ ខ្ញុំគិតថា លោក គីម ពិតជាចង់ឃើញអ្វីមួយកើតឡើងមិនខាន»។
ខណៈក្នុងជំនួបលើកទីបី រវាងលោក មូន និងលោក គីម កាលពីសប្តាហ៍មុន។ មេដឹកនាំកូរ៉េខាងត្បូង បានពាំនាំនូវសារផ្ទាល់ខ្លួនមួយ ពីមេដឹកនាំកូរ៉េខាងជើង ដែលផ្ញើជូនចំពោះលោក ត្រាំ និយាយថា លោក (គីម) សង្ឃឹមថា នឹងជួបជាមួយប្រធានាធិបតីអាមេរិក ម្តងទៀតក្នុងពេលឆាប់ៗខាងមុខនេះ។
សូមជំរាបថា លោក ត្រាំ និងលោក គីម បានជួបពិភាក្សាគ្នា ក្នុងកិច្ចប្រជុំកំពូលដំបូងនៅប្រទេសសិង្ហបុរី ដែលមិនធ្លាប់មានពីមុន កាលពីថ្ងៃទី ១២ ខែមិថុនា ជាហេតុនាំឲ្យលោក ត្រាំ មានចំណាប់អារម្មណ៍ សម្រាប់កិច្ចប្រជុំលើកទី ២ម្ដងទៀត បើទោះបីជាមន្រ្តីអាមេរិក និងអ្នកវិភាគភាគជាច្រើន និយាយថា ក្រុងព្យុងយ៉ាង មិនទាន់បានបង្ហាញសញ្ញាថា ពួកគេបានត្រៀមខ្លួនរួចរាល់ ដើម្បីបោះបង់អាវុធនុយក្លេអ៊ែរ ដែលគំរាមកំហែង ដល់អាមេរិកក៏ដោយ៕
មតិយោបល់