តាកែវៈ ជនសង្ស័យជាមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនស្រីប្រុស ចំនួន៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកត្រាំកក់ ធ្វើការឃាត់ខ្លួនជាក់ស្ដែង កាលពីវេលាម៉ោង២៖៣០នាទី រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។
មន្ត្រីនគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា ដោយមានការដឹកនាំសម្របសម្រួលពីលោក ឃុន ភឿន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក បានបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់សារធាតុញៀន ចំនួន៣នាក់ កាលពីថ្ងៃម្សិលមិញ។
សមត្ថកិច្ចឲ្យដឹងទៀតថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះ រួមមាន ទី១ឈ្មោះ ស៊ុន ធីដា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិប្រស៊ូង ឃុំតាភេម ស្រុកត្រាំកក់ ទី២ឈ្មោះ ឈួន សុកកល ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិដីដុះ ឃុំប៉ើសពី ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម និងទី៣ឈ្មោះ ប៉ុន លក្កិណា ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំត្រពាំអខ្លូត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។ ជាមួយប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំង៣ សមត្ថកិច្ចដកហូតបានវត្ថុតាង រួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន៣កញ្ចប់តូច ថ្នាំពណ៌ផ្កាឈូក ចំនួន២កញ្ចប់ ស្មើ៨គ្រាប់ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១ ទូរស័ព្ធដៃចំនួន៦គ្រឿង ស្លាកលេខម៉ូតូនគរបាលក្លែងក្លាយ១ ម៉ូតូ២គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញឿនមួយចំនួនទៀត។
បើតាមលោកព្រះរាជអាជ្ញារង ឃុន ភឿន បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៣ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីធ្វើការសាកសួរបន្ថែម និងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕
មតិយោបល់