ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ពាន់ ភួងបុប្ផា ប្រាប់មូលហេតុកុងត្រា៥ឆ្នាំជាមួយថោន

ភ្នំពេញៈ កាលពីរសៀលថ្ងៃ២៩ មិថុនា អ្នកស្រីពាន់ ភួងបុប្ផា អ្នកដឹកនាំរឿងល្បីឈ្មោះ និងជាចាងហ្វាងផលិតកម្មផ្កា៥ បានសម្រេចចុះកុងត្រាជាមួយថោនគ្រុបរយៈពេល៥ឆ្នាំជាមួយគ្នា។ អ្នកស្រីបានបញ្ជាក់នូវហេតុផលជាច្រើនដែលនាំឲ្យអ្នកស្រីសម្រេចជ្រើសយកផលិតកម្មថោន ធ្វើជាទ្រនំផ្ដាច់មុខក្នុងការផលិតរឿង បន្ទាប់ពីអ្នកស្រីបដិសេធមិនទទួលយកលក្ខណ្ឌនេះប្រមាណជា២ឆ្នាំ ក្រោយដាច់កុងត្រាជាមួយCTN។

អ្នកស្រីពាន់ ភួងបុប្ផា បានថ្លែងក្នុងវេទិកាសន្និសីទសារព័ត៌ដែលបានធ្វើឡើងនៅណាហ្គាវើលថា ចាប់ពីថ្ងៃប្រកាសជាផ្លូវការនេះតទៅ អ្នកស្រីនឹងបម្រើក្នុងនាមជាអ្នកផលិតកុនឲ្យផលិតកម្មថោនរហូតដល់រយៈពេល៥ឆ្នាំ ដោយមិនមានសិទ្ធិទទួលផលិតរឿងឲ្យក្រុមហ៊ុនណាផ្សេងដូចមុនទៀតឡើយ។ យ៉ាងណាមិញ មិនមានន័យថាអ្នកស្រីត្រូវបិទទ្វារផលិតកម្មផ្កា៥ដែលធ្លាប់តែល្បីក្នុងការផលិតរឿងនោះទេ គឺមានន័យថាក្នុងការផលិតរឿងប្រភេទដុំគឺផលិតកម្មផ្កា៥សហការជាមួយថោន ហើយសម្រាប់រឿងភាគគឺអ្នកស្រីផលិតឲ្យថោនផ្ដាច់មុខ។

អ្នកស្រីបញ្ជាក់ថា ហេតុផលដែលនាំឲ្យកុងត្រា៥ឆ្នាំត្រូវបានធ្វើឡើង គឺដោយសារតែសម្លឹងឃើញថាផលិតកម្មនេះហ៊ានបោះទុនខ្ពស់ក្នុងការផលិតរឿង និងមានគោលការណ៍ច្បាស់លាស់ក្នុងការប្រកួតប្រជែងលើវិស័យភាពយន្ត។ ជាក់ស្ដែងក្នុងការបើកឆាកជាមួយថោនបន្ទាប់ពីកុងត្រានេះ អ្នកស្រីបានប្រកាសចេញថតរឿង«ទឹកចិត្តម្ដាយសម័យថ្មី»ដែលជាប្រភេទរឿងដុំ និងជាប្រភេទរឿងដែលអ្នកស្រីប្រមូលផ្ដុំដោយតួសម្ដែងល្បីៗរហូតដល់៤ជំនាន់ រួមមានអ្នកស្រីឌី សាវ៉េត អ្នកនាងអម្ពរ ទេវី អ្នកនាងស៊ឹម សូលីកា និងអ្នកនាងសុខ សោម៉ាវត្តីឲ្យប៉ះគ្នាជាលើកដំបូង។ ម្យ៉ាងមកពីថោនជាក្រុមហ៊ុនរឹងមាំ ដែលមានទាំងក្រុមបង្ហាញម៉ូដដាច់ដោយឡែក មានទាំងផលិតកម្មចម្រៀង មានទាំងវិទ្យុ និងមានទាំងគម្រផងបើកទូរទស្សន៍ផង ទើបអ្នកស្រីគិតថា ការរួមដៃផលិតរឿងឲ្យផលិតកម្មថោន គឺទោះជាក្នុងពេលនេះថោនមិនទាន់មានទូរទស្សន៍សម្រាប់ដាក់ផ្សាយខ្លួនឯង ក៏មិនខ្វះទីផ្សារចាប់អារម្មណ៍ទទួលទិញរឿងរបស់ថោនយកទៅផ្សាយសម្រាប់រឿងភាគ។

អ្នកស្រីនឹងគ្រោងផលិតរឿងដុំដាក់រោងចំនួន២រឿង និងរឿងភាគចំនួន២រឿងក្នុងមួយឆ្នាំ ដើម្បីឲ្យថោនមានរឿងប្រកួតប្រជែងនៅលើទីផ្សារ។ តំណាងផលិតកម្មថោនបានអះអាងថា ផលិតកម្មថោនខាងផ្នែកផលិតភាពយន្ត នឹងជំរុញឲ្យវិស័យភាពយន្តទទួលបានការចាប់អារម្មណ៍ខ្ពស់នៅលើទីផ្សារ ដោយក្នុងជំហានដំបូងគឺថោននឹងផលិតរឿងភាគសម្រាប់ផ្គត់ផ្គត់នៅលើកញ្ចក់ទូរទស្សន៍ដែលជាដៃគូ មុនពេលគម្រោងបង្កើតទូរទស្សន៍ត្រូវបានលេចឡើង។
ខាងក្រោមនេះ ជាទិដ្ឋភាពមួយចំនួនស្ដីពីការចាប់ដៃរវាងអ្នកស្រីពាន់ ភួងបុប្ផា និងផលិតកម្មថោន៖

មតិយោបល់