ព័ត៌មានជាតិ

បុរសជនជាតិកូរ៉េម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តបុកម៉ូតូកង់បីពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់!

ភ្នំពេញ: បុរសជនជាតិកូរ៉េម្នាក់ស្រវឹងស្រាជោក បើករថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងជ្រុលទៅបុកម៉ូតូកង់បីពីក្រោយត្រង់ចំណុចស្តុបផ្សារដេប៉ូ បណ្តាលឲ្យម្ចាស់ម៉ូតូកង់បីផ្លោងទៅបោកនឹងមាត់លូរនៅតាមចិញ្ចើមផ្លូវរងរបួសបែកក្បាលធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបផ្សារដេប៉ូ តាមបណ្តោយផ្លូវ២១៥ កែងនិងផ្លូវ១៨២ ក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេយុគេឃើញបុរសជនជាតិកូរ៉េម្នាក់ ស្រវឹងស្រាជោកបើករថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AL-0760 តាមបណ្តោយផ្លូវ២១៥ ទិសដៅពីជើងទៅត្បូង លុះមកដល់ស្តុបបែកជាបួនកែងនិងផ្លូវ១៨២ បានជ្រុលចង្កូចទៅបុកម៉ូតូកង់បីមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង1I-6956 បើកបរដោយបុរសម្នាក់នៅខាងមុខស្របទិសដៅគ្នាពីក្រោយ បណ្តាលឲ្យម្ចាស់ម៉ូតូកង់បីផ្លោងទៅបោកនឹងមាត់លូរនៅតាមចិញ្ចើមផ្លូវបែកក្បាលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់នៅគ្លីនីកហុង ហាក់ ចំណែកម៉ូតូកង់បីខូចខាតយ៉ាងដំណំ រីឯរថយន្តខូចខាតតិចតួច។ ភ្លាមៗនោះរថយន្តបង្កបម្រុងបើករត់ត្រូវប្រជាពលរដ្ឋឃើញហេតុការនេះបានឃាត់ទាំងរថយន្តនិងអ្នកបើកបរប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានតែម្តងៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានប្រគល់ម្ចាស់រថយន្តជូនទៅសមត្ថកិច្ចជំនាញ។ ចំណែករថយន្តម៉ូតូកង់បីសមត្ថកិច្ចធ្វើការវាស់វែងយកទៅតក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់