ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក សន កែវ អ្នកនាំពាក្យ អគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់តាម Telegram នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨នេះថា ជាទូទៅ ជនជាប់ឃុំត្រូវបញ្ជូនទៅសាលាដំបូង តាមរយៈរថយន្តអង្គភាព ពន្ធនាគារនីមួយៗ។
លោក ថាក្នុងករណី ពន្ធនាគារខ្វះខាត មធ្យោបាយ ទើបពន្ធនាគារ អាចប្រើប្រាស់ មធ្យោបាយ ផ្សេងៗ តាមស្ថានភាពជាក់ស្តែង។
ចំពោះករណី ពន្ធនាគារព្រៃ ស ប្រើប្រាស់ រថយន្តទំនើបៗ ដឹកជនជាប់ឃុំ លំដាប់ VIP លោកឧត្តម្ភសេនីយ៍ឯក សន កែវ ក្នុងនាមជាអ្នកនាំពាក្យ បានស្នើឲ្យអ្នកកាសែត ទៅសួរ ប្រធានពន្ធនាគារព្រៃ ស ទាំង ម១ និងម២ ផ្ទាល់តែម្តងបានច្បាស់។
គួរកត់សម្គាល់ថា ជនជាប់ចោទ ឈ្មោះ ហូរ ចំរើន ជាអតីតឧកញ៉ា ផ្កាយ៣ ដែលពាក់ព័ន្ធករណីបាញ់បោះ និងឆបោក ត្រូវបាន មន្ត្រីពន្ធនាគារ ព្រៃ សម១ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមរយៈ រថយន្ត Lexus 330 គ្មានដាក់ខ្នោះ ដូចជនជាប់ផ្សេងៗ និងមានអមដោយ រថយន្តសឺរ៉ែន ២គ្រឿង មានកងអង្គរក្សផ្ទាល់ខ្លួនរបស់ ជនជាប់ចោទ រាប់សិននាក់។
ចំណែកជនជាប់ចោទឈ្មោះ គុយ ស៊ីឆេង ភេទស្រី ដែលជាប់ពាក់ព័ន្ធរឿងឆបោកម្នាក់ ទៀត ត្រូវបានមន្ត្រីពន្ធនាគារម២ បញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ យ៉ាងរំភើយ តាយរថយន្ត Lexus 300។
ក្រុមអ្នកច្បាប់ ចាត់ទុកថា ការអនុវត្តស្តង់ដា ២ ចំពោះជនជាប់ឃុំ អាចធ្វើឲ្យប្រព័ន្ធយុត្តិធម៌ មានភាពទន់ខ្សោយ និងរងការរិះគន់ពីប្រជាពលរដ្ឋ ខណៈដែលជនជាប់ឃុំក្រីក្រ ហាក់ជាជនរងគ្រោះ នៃការអនុវត្តស្តង់ដា២នេះ៕
មតិយោបល់