ភ្នំពេញៈ សង្ស័យស្រវឹង បុរសម្នាក់ បានជិះម៉ូតូឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ជិះក្នុងល្បឿនលឿន ជ្រុលទៅបុករបងផ្ទះគេ បណ្តាលឲ្យបោកក្បាលទៅនឹងរបងផ្ទះគេ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
ហេតុការណនេះ កើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨ មុខផ្ទះលេខ២៣៤ ស្ថិតនៅផ្លូវបេតុង៦៩BT ភូមិត្នោតជ្រុំ១ សង្កត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះ មានឈ្មោះ សុខា វឌ្ឍនា អាយុ២១ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូនៅក្រុងបាវិត បើកបរម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GB-8274 មានទីលំនៅផ្ទះលេខ៧B ផ្លូវ៥៣BT សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូក្នុងស្ថានភាពស្រវឹង បោះពួយយ៉ាងលឿន ក្នុងទិសដៅពីកើតទៅលិច តាមផ្លូវបេតុង69BT លុះដល់ចំណុចកើតហេតុខាងលើ ក៏រេចង្កូតទៅបុកខឿនចិញ្ចើមផ្លូវផ្លោងទៅបោកផ្ទប់ នឹងរបងផ្ទះគេ បណ្តលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅកន្លែង ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ រួចប្រគល់សាកសពជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តសន្សំកុសល ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីឲ្យសាច់ញាត្តិយកឯកសារមកបញ្ជាក់នឹងប្រគល់ម៉ូតូជូនវិញ ៕
មតិយោបល់