ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុគ្គលិកអង្គការការពារបរិស្ថាន និងធនធានធម្មជាតិម្នាក់ ពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀន

ព្រះវិហារ: នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១២និង១០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ បានបង្ក្រាបករណីរក្សាទុក ឫជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំណុចផ្ទះរបស់ឈ្មោះ ហឿ វុតធីរ៉ូត ស្ថិតក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុង/ខេត្តព្រះវិហារ ឃាត់ខ្លួនជនសង្ស័យម្នាក់។

ជនសង្ស័យឈ្មោះ ហឿ វុតធីរ៉ូត ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកអង្គការការពារបរិស្ថាន និងធនធានធម្មជាតិ រស់នៅភូមិឃុំខាងលើ។

ដកហូតវត្ថុតាង៖
-ក្រាមពណ៌សថ្លាប្រភេទមេតំហ្វេតាមីន (ICE) ១កញ្ចប់តូច ទម្ងន់ ១,៥៦ក្រាម
-សម្ភារ:ប្រើប្រាស់គ្រឿងញៀនមួយចំនួន
-ទូរស័ព្ទដៃចំនួន ១គ្រឿង។

សូមបញ្ជាក់៖ ជនសង្ស័យត្រូវបានតែងតាំង ជាប្រធានសាខា អង្គការការពារបរិស្ថាន និងធនធានធម្មជាតិខេត្តព្រះវិហារ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅ និងផុតកំណត់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។

ជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ន ដើម្បីស៊ើបអង្កេតស្រាវជ្រាវ និងរៀបចំកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ចាត់ការបន្ត៕

មតិយោបល់