ព័ត៌មានជាតិ

លោកចៅក្រម វ៉ាន់ សែនវិសុទ្ធ ដោះលែងក្រុមជល់មាន់ ៥នាក់ ក្រោយពីលោកព្រះរាជអាជ្ញារង ស្រី ម៉ាក បញ្ជូនឲ្យ

ភ្នំពេញៈ មន្ត្រីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ក្រោយពីមានអ្នករត់ការខ្វែងខ្វាត់ ស្ទើរបាក់កាំជណ្តើរតុលាការ លោក វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែង ជនត្រូវចោទ ៥នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធ ករណីល្បែងស៊ីសងជល់មាន់។

ប្រភពបានឲ្យដឹងទៀតថា សំណុំរឿងនេះ ត្រូវសមត្ថកិច្ចបញ្ជូនខ្លួន ទៅតុលាការតាំងពីថ្ងៃសៅរ៍ ទី២២ ខែកញ្ញា ឆ្នាំ២០១៨ ប៉ុន្តែដោយសារ អ្នករត់ការចរចារមិនទាន់ត្រូវថ្លៃ ទើបការដោះលែងជនត្រូវចោទ ទាំង ៥នាក់ ត្រូវពន្យាពេលរហូតដល់ ថ្ងៃអង្គារ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨។

ជនត្រូវចោទរួមមាន៖
១-ឈ្មោះ នូ មនោរិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកជល់មាន់ ស្នាក់នៅផ្ទះជួល សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ។
២-ឈ្មោះ ហូ អភិវឌ្ឍ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកជល់មាន់ ស្នាក់នៅបន្ទប់ជួល ភូមិបុរីកម្មករ សង្កាត់ទឹកថ្លើា ខណ្ឌសែនសុខ។
៣-ឈ្មោះ អ៊ុក បូរ៉េត ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកជល់មាន់ ស្នាក់នៅបន្ទប់ជួល ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
៤-ឈ្មោះ អ៊ុន វី ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកជល់មាន់ ស្នាក់នៅស្រុកបាភ្នំ ខេត្តព្រៃវែង។
៥-ឈ្មោះ ផេង ធា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកជល់មាន់ ស្នាក់នៅបន្ទប់ជួល ភូមិស្រុកតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ច បន្ថែមថា លោកព្រះរាជអាជ្ញារង ស្រីម៉ាកនី ជាតំណាងអយ្យការ បានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លើជនត្រូវចោទទាំង ៥នាក់ រួចបញ្ជូនសំណុំរឿង ទៅឲ្យចៅក្រមស៊ើបសួរ ដោះលែងតាមនីតិវិធី ក្រោមហេតុផល បញ្ជូនទៅជម្រះផ្ទាល់។

សូមជម្រាបថា សមត្ថកិច្ច ខណ្ឌសែនសុខ កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ បានចុះបង្ក្រាបទីតាំង ល្បែងស៊ីសង ជល់មាន់នៅចំណុចដីទំនេរ ផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយឃាត់បាន ជនត្រូវចោទទាំង ៥នាក់ខាងលើ និងដកហូតបានវត្ថុតាងមួយចំនួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅឲ្យតុលាការដោះលែងតាមនីតិវិធី៕

មតិយោបល់