ព័ត៌មានជាតិ

ជិះម៉ូតូមកពីផឹក ត្រូវជនមិនស្គាល់មុខ២នាក់ជិះមក​ធាក់ បណ្តាលឲ្យដួលរងរបួស

ភ្នំពេញៈ បុរស២នាក់ជិះម៉ូតូ​ស៊ុយសាគីនិច​ មួយគ្រឿងចេញមកពីផឹកស៊ីជាមួយមិត្តភក្តិបម្រុងទៅផ្ទះវិញ​ ស្រាប់តែមានជនមិនស្គាល់មុខចំនួន២នាក់ ជិះម៉ូតូមកក្រោយហើយក៏ធាក់ទៅលើម៉ូតូរបស់បុរស២នាក់នោះបណ្តាលឲ្យដួល​ កាលពីវេលា​ម៉ោង​១និង៣០នាទី​រំលងអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ​ខែកញ្ញា​ ឆ្នាំ​២០១៨​ ត្រង់ចំណុច​ខាងត្បូង​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ តាមបណ្ដោយ​ផ្លូវ​២៧១​ ស្ថិតក្នុងសង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​។

បើតាមសម្តីពី​បុរសរងគ្រោះជាអ្នកបើកបរម៉ូតូបានឲ្យដឹងថានៅ មុនពេលកើតហេតុគាត់និងបុរសម្នាក់ទៀតជាមិត្តភក្តិនិងគ្នា​ បានជិះម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ស៊ុយសាគីនិច​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1GU-1326។ ដែល​ទើប​តែ​ជិះ​ចេញ​ពី​កន្លែង​ផឹកស៊ី​ជាមួយមិត្តភក្តិ​នៅម្តុំ​ផ្សារ​ដី​ហុយ​ ហើយ​បម្រុង​ជិះ​ត្រឡប់ទៅ​ផ្ទះ​វិញ​។ ដោយធ្វើដំណើរ​តាមបណ្ដោយ​ផ្លូវលេខ​២៧១​ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ និង​ក្នុង​ល្បឿន​លឿន។ លុះមកដល់​ចំណុច​កើត​ហេតុ​ក៏​ស្រាប់​តែ​លេច​មុខ​ជនមិន​ស្គាល់​មុខចំនួន២នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិនចាំ​ម៉ាក​ មកពីក្រោយ​ហើយក៏​បានធ្វើសកម្មភាពលើកជើងធាក់ទៅលើម៉ូតូ​របស់​ពួកគេ​បណ្តាលឲ្យដួល​រងការខូចខាត​ និងអ្នកបើកបរ​រងរបួស​បាក់ដៃ​ខាងឆ្វេង​។ ចំណែកឯ​អ្នកអង្គុយ​ខាងក្រោយ​រងរបួស​ស្រាល​ ដោយឡែក​ជនមិន​ស្គាល់​​មុខចំនួនពីរ​នោះបានបន្ថែម​ល្បឿន​ជិះ​រត់​គេច​ខ្លួន​បាត់​ស្រមោល​។

ក្រោយ​ពេល​កើត​ហេតុ​បុរសរងគ្រោះទាំង២​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯគ្លីនិក​ហុងហាក់​។ ចំណែកឯ​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ទឹកថ្លា​ដើម្បី​រង់ចាំ​ជន​រងគ្រោះ​មក​ទទួល​យក​ទៅ​វិញ​នៅ​ពេល​ក្រោយ​៕​

មតិយោបល់