រុស្ស៊ីៈ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ដោយមើលឃើញពីជំហានជាច្រើនរបស់កូរ៉េខាងជើង គឺពិតជាមានបំណងឆ្ពោះទៅរកការលុបបំបាត់អាវុធ ជាបន្តបន្ទាប់ប្រាកដមែន ដូច្នោះគួរតែត្រូវបានបន្តការបន្ធូរបន្ថយការដាក់ទណ្ឌកម្ម ប្រឆាំងនឹងរបបមួយនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។
សំណើរបស់លោក Lavrov បានធ្វើទ្បើងនៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជំទាស់ទៅនឹងការទាមទារ របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ដែលបានលើកទ្បើងថា ការដាក់ទណ្ឌកម្មគួរតែ ត្រូវបានអនុវត្តយ៉ាងខ្លាំងក្លា រហូតទាល់តែកូរ៉េខាងជើង រំសាយចោលនូវអាវុធនុយក្លេអ៊ែរទាំងស្រុង។
អ្នកការទូតជាន់ខ្ពស់រូបនេះ ក៏បានអំពាវនាវដល់ប្រទេសផ្សេងទៀត ឲ្យបញ្ឈប់ការដាក់ទណ្ឌកម្មលើកទីពីរ ដែលមិនអាចទទួលយកបាន ប្រឆាំងទៅលើក្រុងព្យុងយ៉ាង ខណៈដែលកិច្ចចរចា នៅតែបន្តធ្វើទ្បើងនោះ។
នាពេលថ្មីៗនេះ លោក Pompeo បាននិយាយថា កូរ៉េខាងជើង បានរំលោភបំពានលើការនាំចូលប្រេង ដែលត្រូវបានកំណត់ ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីឆ្នាំមុន។
ដោយការរឹតបន្តឹងរបស់ UN បានអនុញ្ញាតឲ្យក្រុងព្យុងយ៉ាង នាំចូលប្រេងត្រឹម ៥០០,០០០ បារ៉ែលប៉ុណ្ណោះ ក្នុងមួយឆ្នាំ ប៉ុន្តែចន្លោះពីខែមករា និងខែកញ្ញា ប្រទេសនុយក្លេអ៊ែរមួយនេះ ទទួលបានប្រេងនាំចូលប្រហែល ៨០០,០០០ បារ៉ែលឯណ្ណោះ៕

មតិយោបល់