ព័ត៌មានជាតិ

រថយន្ត ម៉ូតូ និងរ៉ឺម៉ក បុកបន្តបន្ទាប់គ្នា បណ្តាលឲ្យបុរសម្នាក់ស្លាប់យ៉ាងរន្ធត់នៅនឹងកន្លែង!

តាកែវៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្ត ម៉ូតូ និងម៉ូតូរ៉ឺម៉ក បុកបន្តគ្នាបណ្តាលបុរសម្នាក់ ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរបួសស្រាល។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨​ លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៩២-៩៣ ក្នុងភូមិបឹងម្កាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងរវាងរថយន្តមួយគ្រឿងម៉ាកស៊ាំយ៉ុង ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2O-9039 បើកបរដោយឈ្មោះ ឡុង លី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកបររថយន្ត នៅភូមិអំពិលរៀង ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ (អ្នកបើកបរត្រូវបានឃាត់ខ្លួន) បើកបរមកពីទិសខាងកើត លុះបើកបរមកដល់ចំណុចខាងលើក៏បានបុកគ្នាជាមួយម៉ូតូរ៉ឺម៉កមួយគ្រឿងម៉ាកសង់កូរ៉េ សេ១០០ ពណ៌ក្រហម គ្មានស្លាកលេខ មានសណ្តោងរ៉ឺម៉ក បើកបរដោយឈ្មោះ ញឹម គា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងដែក នៅភូមិសេកយា ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ) ដែលបើកបរមកពីទិសខាងលិច ហើយរថយន្តរេចង្កូតបន្តទៅបុកនឹងម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1F-2863 បើកបរដោយឈ្មោះ វង់ សាន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ នៅភូមិត្រពាំងខ្លូត ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសស្រាល) ដែលបើកបរមកពីទិសខាងកើត។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះមកដល់រួចកសាងសំណុំរឿងទៅតាមនីតិវិធី។ ចំណែកឯសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងរថយន្ត ម៉ូតូនិងម៉ូតូរ៉ឺម៉កត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់