ព័ត៌មានជាតិ

ម៉ូតូ២គ្រឿង ពន្លះគ្នាពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់ រងរបួសធ្ងន់៣នាក់

ភ្នំពេញ:ច យុវជនម្នាក់បានបាក់កស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​និងប្រុសស្រី៣នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនបានទៅបុកម៉ូតូមួយគ្រឿងកំពុងជិះក្នុងទិសដៅបញ្ច្រាស់គ្នាពេញទំហឹង។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវសុធារសចំណុចជិតរដ្ឋភាពចាស់ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជនរងគ្រោះមានឈ្មោះមឿន សុវណ្ណារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់រួមដំណើរនិងនារីម្នាក់ជិះម៉ូតូនិច ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GN-0927 ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើបានទៅបុកម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌សលាយពងក្រសា ពាក់ស្លាកលេខ ភ្នំពេញ 1AL-4449 ធ្វើដំណើរដោយយុវជន៣នាក់ ពីត្បូងទៅជើងក្នុងល្បឿនលឿនដូចគ្នាបណ្ដាលបុកចំពីមុខពេញទំហឹងបែកផ្កាភ្លើងព្រៀកៗបណ្ដាលរងរបួសធ្ងន់ទាំងសងខាងត្រូវរថយន្តគ្លីនិចឯកជនដឹកយកទៅសង្គ្រោះតែអកុសលយុវជនម្នាក់ខាងម៉ូតូនិចត្រូវបានស្លាប់នៅតាមផ្លូវបាត់ទៅហើយរួចរថយន្តសង្គ្រោះក៏បានដឹកជនរងគ្រោះមកកន្លែងកើតហេតុវិញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងយកម៉ូតូទាំង២គ្រឿងទៅការិយាល័យចរាចរណ៍ជើងគោកស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពជនគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់