ព័ត៌មានជាតិ

ស្រាអញ្ជើញមិនចង់ផឹក ចង់ផឹកស្រាពិន័យ ទីបំផុតជាប់ខ្នោះ

តាកែវៈ និយាយឌឺដងដាក់គ្នាក្នុងវង់ផឹកស៊ី រហូតក្លាយជាអំពើហិង្សា ព្រោះតែខឹងហៅមិត្តភក្ដិដែលធ្លាប់ផឹកពីមុនជាមួយ មិនព្រមផឹកជាមួយ។

លោកមេប៉ុស្តិ៍ឃុំលាយបូរបានឲ្យដឹងថា អំពើហិង្សាដែលកើតឡើងនេះ គឺនៅក្នុងវង់ផឹកស៊ីផ្ទះជនសង្ស័យតែម្តង នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។ ជនសង្ស័យមានឈ្មោះ ជាម បានណាបាស បានវាយទៅលើជនរងគ្រោះ ឈ្មោះ ឈឹម ចិត្រា ដែលអ្នកទាំងពីររស់នៅក្នុងភូមិជាមួយគ្នាគឺនៅភូមិស្លា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។

លោកបានបន្តទៀតថា ក្រោយពេលអំពើហិង្សានេះ កើតឡើងជនរងគ្រោះបានទៅប្តឹងលោកមេភូមិ ហើយលោកមេភូមិក៏បានរាយការណ៍មកកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំតែម្តង។ ក្រោយពេលទទួលបានព័ត៌មាន នេះភ្លាម កម្លាំងលោកបានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យបង្កហិង្សាមកសាកសួរបន្ថែម។

បច្ចុប្បន្នក្រោយការសាកសួរជនសង្ស័យរួចមក កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំលាយបូរ បានបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ខេត្តតាកែវនៅល្ងាចថ្ងៃដដែល ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់