ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូបត់ឆ្លងផ្លូវ ទៅបុករថយន្តបុគ្គលិកក្រុមហ៊ុនប្រេងតូតាល់ បណ្ដាលឲ្យរបួសធ្ងន់

តាកែវ: កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៣ និង ១៥នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅលើផ្លូវជាតិលេខ០៣ ចន្លោះគីឡូម៉ែត្រលេខ ៩០-៩១ ស្ថិតភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

ដំណើររឿង៖ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1L-0240 បើកបរដោយឈ្មោះ សែត វ៉ាន់ថា ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរកសិករ រស់នៅភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់) ទិសដៅពីជើងទៅត្បូងមកដល់ចំណុចខាងលើបានធ្វើការបត់ឆ្លងផ្លូវក៏បុកជាមួយរថយន្តម៉ាក ម៉ាស់ស្ដា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y-2517 បើកបរដោយឈ្មោះ ធៀប បូរិន ភេទប្រុស អាយុ ៤៦ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនប្រេងតូតាល់ មានទីលំនៅសង្កាត់អូរប្ញស្សី២ ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ ធ្វើដំណើរពីលិចទៅកើត ធ្វើឲ្យរេចង្កូតទៅប៉ះរថយន្តមួយគ្រឿងទៀតម៉ាក នីសាន់ហ្វ្រន់ធៀ ពណ៌ស ពាក់ស្លាកលេខ តាកែវ 2C-5595 បើកបរដោយឈ្មោះ ហ៊ាង សាន់ ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិទួលពុទ្រា ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ ចតលើផ្លូវ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីដោះស្រាយគ្នាតាមច្បាប់ ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់