ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចម៉ូតូរបស់បុគ្គលិកស្ថានទូតអាមេរិក ទីបំផុតខ្នោះ!

ភ្នំពេញៈ មានករណី ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូរបស់ អ្នកជិតខាងរបស់បុគ្គលិកស្ថានទូតអាមេរិក បានសម្រេច តែចុងត្រូវមកជាប់ខ្នោះរបស់សមត្ថកិច្ច កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨។

ជនសង្ស័យមានឈ្មោះ ខែម ជួបសំរិទ្ធិដាលីន ហៅញ៉ាញ់ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់ទីលំនៅផ្ទះជួល ផ្លូវលេខ៥៧បេតេ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរបុគ្គលិកក្រុមហ៊ុនពិនិត្យសម្លៀកបំពាក់ (គ្មានផ្ទុកសារធាតុញៀន​ក្នុង​ទឹកនោម)​ បានលួចយកម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AB-6533 របស់ជនរងគ្រោះឈ្មោះ ឃឹម សាមៀច ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ មានមុខរបរជាបុគ្គលិកស្ថានទូតអាមេរិក។

មុនពេលកើតហេតុ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៧យប់ ជនរងគ្រោះបានយកម៉ូតូ១គ្រឿងម៉ាកវីវ៉ា ចតទុកនៅផ្ទះជួលចំណុចកើតហេតុរួចចូលទៅសម្រាកនៅក្នុងផ្ទះ(ដែលនៅក្បែរគ្នា) ដោយពុំបានចាក់សោរកម៉ូតូ រហូតដល់វេលាម៉ោង៧ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះ បានភ្ញាក់ពីដំណេកមករកមើលម៉ូតូស្រាប់តែបាត់មិនឃើញ ក៏បានឆែកមើលកាមេរ៉ាសុវត្ថិភាពដែលបំពាក់នៅមុខផ្ទះ ឃើញជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងមិនស្គាល់ម៉ាក។ ក្នុងនោះស្គាល់ម្នាក់ឈ្មោះ ខែម ជួបសំរិទ្ធិដាលីន ហៅ ញ៉ាញ់ (ស្នាក់នៅផ្ទះជួលក្បែរគ្នា) បានមកធ្វើសកម្មភាពលួចយកម៉ូតូរបស់ខ្លួនម៉ាកវីវ៉ា ពណ៌ខ្មៅ កាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ហើយក៏បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការនគរ​បាលប៉ុស្តិ៍បឹងទំពន់ទី២ និងបានចាំឃ្លាំមើលរហូតដល់វេលាម៉ោង៧និង៣០នាទីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ទើបបានប្រទះឃើញជនសង្ស័យឈ្មោះ ខែម ជួបសំរិទ្ធិដាលីន ហៅ ញ៉ាញ់ ត្រឡប់មកផ្ទះជួលវិញ ក៏បានឃាត់ខ្លួនយកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍បឹងទំពន់ទី២ ចាត់ការតាមច្បាប់តែម្តង៕​

មតិយោបល់