ភ្នំពេញៈ ករណីវាយកម្ទេចរថយន្ត និងវាយដំលោកបណ្ឌិត ស៊ុយ សារ៉េត កាលពីអំឡុងដើមឆ្នាំ២០១៨ ល្បីទូទាំងពិភពលោក ដោយមានជនបង្កទាំងហ្វូង ទីបំផុតទៅមានជនជាប់ចោទចំនួន៣នាក់ប៉ុនណ្ណោះដែលត្រូវបាននគរបាលចាប់ខ្លួនយកមកដាក់គុកនិងកាត់ទោសតាមច្បាប់។
នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ម្សិលមិញ លោក លាង សំណាត់ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ដោយមានលោក អ៊ុ សុភក្តិ ជាតំណាងអយ្យការ បានបើកសវនាការកាត់ទោស ជនជាប់ ចោទទាំង៣នាក់ ក្រោមបទចោទប្រកាន់ទី១ បទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងទី២បទ ធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស យោងតាមមាត្រា ២១៨ និងមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទ ទាំង ៣នាក់ រួមមាន៖
-ទី១ ឈ្មោះ អាន ផល្លី ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅភូមិកម្មករ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
-ទី២ ឈ្មោះ យាត ទិត្យា ប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្នានលេខ ផ្លូវទី៧ ភូមិទួលគោក សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
-ទី៣ឈ្មោះ អាន វិនទី ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ ជាងទង ស្នាក់នៅផ្ទះ១០០៥ ផ្លូវ១៩៤ ក្រុម៤០ ភូមិ៩ សង្កាត់ផ្សាដេប៉ូ១ ខណ្ឌទួលគោក។
-និងទី៣ឈ្មោះ អាន ផ ល្លី អាយុ ៣៤ ឆ្នាំ មាន ទីលំនៅក្នុងភូមិកម្មករ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ។
នៅក្នុងសវនាការ នារសៀលនេះ ក្រុមអ្នកក្លាហាន បានសារភាពថា នៅថ្ងៃកើតហេតុ ពួកគេពិតជាបាន នាំគ្នា វាយកម្ទេចរថយន្ត និងវាយលោកបណ្ឌិត ស៊ុយ សារ៉េត ពិតមែន។
មូលហេតុដែលពួកគេ ប្រើហិង្សាបែបនោះ ដោយសារតែ មានគេស្រែកថា រថយន្តនោះ បើកបរដោយជនជាតិចិន បុកមនុស្សស្លាប់ ព្យាយាមបើករត់គេច។
យោងតាមពាក្យបណ្តឹង ជនរងគ្រោះ បានប្តឹងទាមទារសំណងជំងឺចិត្ត ពីក្រុមជនជាប់ចោទ ចំនួន ៣០ម៉ឺនដុល្លារ។
សូមជម្រាបជូនថា សមត្ថកិច្ចការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួន ក្រុមជនជាប់ចោទ ជាបន្តបន្ទាប់ ក្រោយពីរកឃើញថា ពួកគេ បានជាប់ពាក់ព័ន្ធករណីប្រើហិង្សា លើ លោកបណ្ឌិត ស៊ុយ សារ៉េត នៅហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅក្បែរមន្ទីរពេទ្យលោកសង្ឃ កាលពីកាលពីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨៕
មតិយោបល់