ព័ត៌មានជាតិ

តុលាការសម្រេចដាក់គុក អតីតឧកញ៉ា ហូរ ចំរើន ១៨ខែ ព្រោះតែរឿងបាញ់គំរាមសម្លាប់ប្រពន្ធ ខណៈមានសំណុំរឿងឆបោកលុយរយលាន ជាច្រើននៅតុលាការ

ភ្នំពេញៈ ទីបំផុតទៅ អតីតឧកញ៉ា ផ្កាយ៣ ហូរ ចំរើន ដែលជាអគ្គមេបញ្ជាការរង នៃកងអង្គរក្ស ត្រូវបាន ស្ថាប័នកងអង្គរក្ស ចេញមុខប្តឹង ឲ្យជាប់គុករយៈ ពេល១៨ ព្រោះតែ ជនជាប់ចោទ បានប្រើប្រាស់ អាវុធ បាញ់បោះគំរាម សម្លាប់ប្រពន្ធ នៅក្នុងភូមិគ្រឹះដ៏ស្តុកស្តម្ភរបស់ខ្លួន នៅក្បែរគុកព្រៃស កាលពីក្រោយពេលថ្ងៃបុណ្យចូលឆ្នាំខ្មែរ។

ដោយមានការស្រាវជ្រាវ និងរកឃើញថា ជនជាប់ចោទ ហូរ ចំរើន ពិតជាបានបាញ់គំរាមសម្លាប់ ប្រពន្ធ កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ មែន ស្ថាប័នអគ្គបញ្ជាការដ្ឋាន កងអង្គរក្ស បានប្តឹងទៅ ស្ថាប័នអគ្គស្នងការនគរបាលជាតិឲ្យចាប់ខ្លួន ជនជាប់ចោទ ដើម្បីបញ្ជូនទៅតុលាការ កាត់ទោសតាមច្បាប់។

នៅក្នុងពាក្យបណ្តឹងរបស់អគ្គបញ្ជាការដ្ឋាន កងអង្គរក្ស បានរកឃើញថា ជនជាប់ចោទ ហូរ ចំរើន បានយកឈ្មោះ ថ្នាក់ដឹកនាំស្ថាប័ន ទៅដើរបោកប្រាស់លុយ វិនិយោគិន ជាតិ និងអន្តរជាតិ ជាច្រើនករណី រហូត មានជនរងគ្រោះ ជាច្រើននាក់ បានដាក់ពាក្យប្តឹង ជនជាប់ចោទ ហូរ ចំរើន ទៅឯកឧត្តម នាយឧត្តមសេនីយ៍ មេបញ្ជាការកងអង្គរក្ស ថែមទៀតផង។

ដើម្បីបង្ហាញពីភាពស្អាតស្អំ របស់ថ្នាក់ដឹកនាំ នៃអគ្គមេបញ្ជាការកងអង្គរក្ស និងការអនុវត្តច្បាប់ ដ៏ម៉ឺងម៉ាត់ អគ្គបញ្ជាការដ្ឋាកងអង្គរក្ស បាន បើកការស្រាវជ្រាវ រហូតរកឃើញថា ជនជាប់ចោទ ឈ្មោះ ហូរ ចំរើន ពិតជាបាន ប្រព្រឹត្តអំពើ បាញ់បោះសេរី និងគំរាមកំហែងថានឹងសម្លាប់ប្រពន្ធ យ៉ាងពិតប្រាកដ។

ជាងនេះទៅទៀត ក្រោយពីប្រព្រឹត្តបទល្មើសរួច ជនជាប់ចោទ ហូរ ចំរើន មិនបានចូលខ្លួនទៅអង្គភាពដើម្បីដោះស្រាយនោះទេ បែរជាគេចវេស មិនចូលទៅកន្លែងធ្វើការឡើយ។

ដើម្បីបញ្ជាក់ពី ការពិតថា ស្ថាប័នអគ្គបញ្ជាការកងអង្គរក្ស មិនបានកាន់ជើង និងនៅពីខាងក្រោយ ជនជាប់ចោទ ហូរ ចំរើន ដូចការចោទប្រកាន់របស់ សារព័ត៌មាន និងបងប្អូនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក នោះ ស្ថាប័នមួយនេះ បានចេញមុខជាដើមបណ្តឹង ប្តឹងជនជាប់ចោទ ហូរ ចំរើន ជាការបង្ហាញជូន សាធារណៈជន យ៉ាងច្បាស់ថា ជនណាប្រព្រឹត្ត ខុសច្បាប់ ទោះជាមន្ត្រីថ្នាក់ណាក៏ដោយ គឺត្រូវតែទទួលទោសតាមផ្លូវច្បាប់ ជាធរមាន មិនមានការលើកលែងនោះទេ។

សូមជម្រាបជូនថា ក្រោយពីបើកសវនាការសាកសួរដេញដោលចប់សព្វគ្រប់ លោក លាង សំណាត់ ជាចៅក្រមជំនុំជម្រះ ដោយមានលោក ស៊ិន វិរៈ ជាតំណាងអយ្យការ សវនាការ បានប្រកាសសាលក្រម ផ្តន្ទាទោស ជនជាប់ចោទ ហូរ ចំរើន ដាក់គុកកំណត់រយៈពេល ១៨ខែ ក្រោមបទចោទប្រកាន់ គំរាមកំហែងថានឹងសម្លាប់ ប្រព្រឹត្តកាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៣៧២ ផ្លូវបេតុង ក្រុម៣ ភូមិទួលរកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ យោងតាមមាត្រា ២៣៣ នៃក្រមព្រហ្មទណ្ឌ។

គួរកត់សម្គាល់ថា ក្រោយពីនគរបាលចាប់ខ្លួនបញ្ជូនឲ្យតុលាការសម្រេច ឃុំខ្លួនក្នុងគុក អតីតផ្កាយ ៣ ឧកញ្ញ៉ា ហូរ ចំរើន ហាក់ កើតជំងឺ បាត់បង់ការចងចាំ ព្រោះនៅក្នុងសវនាការ ជនជាប់ចោទ ហូរ ចំរើន បានឆ្លើយ តែពាក្យថា អត់ចាំអ្វីទាំងអស់ រឿងអ្វីក៏លោកអត់ច្បាស់ដែរ និងអះអាងថា ថ្ងៃកើតហេតុ ខ្លួនអត់នៅផ្ទះផង។

ចំណែកប្រពន្ធជនជាប់ចោទ និងម្តាយក្មេង ឆ្លើយថា ថ្ងៃកើតហេតុ មានសម្លេងបាញ់ ផាំងៗ ទើបពួកគេ ខលទៅប្រាប់ លោក យិន គា ជាប៉ាៗក្មេក ជនជាប់ចោទឲ្យប្តឹង សមត្ថកិច្ច។

លោក សុំ សាវី មេប៉ុស្តិ៍នគរបាល រដ្ឋបាលព្រៃស បានឆ្លើយថា នៅថ្ងៃកើតហេតុ លោកបានទទួលបទបញ្ជា តាមរយៈវិទ្យុទាក់ទង (ID) ពីស្នងការនគរបាល និងឮលោក យិន គា ស្រែកតាម ID ថា ផ្ទះលោកមាន លោកកូនប្រសារ ( ហូរ ចំរើន) បាញ់គំរាមប្រពន្ធ (កូនស្រី លោក យិន គា)។

ពេលទៅដល់ សមត្ថកិច្ចនៅក្រៅរបង ផ្ទះ ជនជាប់ចោទ ដើរសួរ អ្នកភូមិ និងអង្គរក្សយាមមុខផ្ទះ ជនជាប់ចោទ ពួកគេថា អត់បានលឺ គេបាញ់ផង ដូច្នេះលោក ក៏បានរាយការណ៍ ទៅថ្នាក់ ថាអត់មានអ្នកបាញ់ផង។

ប៉ុន្តែយោងតាមចម្លើយរបស់ ជនជាប់ចោទ ហូរ ចំរើន នៅដំណាក់កាល នគរបាលយុត្តិធម៌ គឺជនជាប់ចោទបានសារភាព ទទួលស្គាល់ថា នៅថ្ងៃកើតហេតុលោកពិតជាឈ្លោះជាមួយ ប្រពន្ធមែន ហើយពេលកើតហេតុលោកនៅក្នុងផ្ទះ ថែមទាំងបាន ខលហៅ មេលោក ឈ្មោះ ប៊ុន រ៉ា ឲ្យយកឡាន មកដឹកលោកចេញពីផ្ទះ ពេលសមត្ថកិច្ចចុះទៅ ពិនិត្យទៀតផង។

ជាការកត់សម្គាល់ ជនជាប់ចោទ VIP ហូរ ចំរើន ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូង តាមរថយន្ត Lexus 470 ដោយមានកងអង្គរក្ស ផ្ទាល់ខ្លួន រាប់សិបនាក់ ការពារ ទាំងក្នុងសាលសវនាការ និងនៅក្រៅរបងតុលាការ។

សូមជម្រាបជូនថា អតីត ឧត្តមសេនីយ៍ ផ្កាយ៣ ឧកញ៉ាហូរ ចំរើន ត្រូវបានលោក កូយ សៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានី ភ្នំពេញ បានសម្រេចចេញដីកា បង្គាប់ឲ្យជាប់គុក កាលរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ ក្រោមបទចោទប្រកាន់ពីបទ គំរាមកំហែងថានឹងសម្លាប់ យោងតាមមាត្រា ២៣៣នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ សំណុំរឿង បាញ់បោះសេរី បំភ័យ ប៉ាៗក្មេក ជាមន្ត្រីនគរបាលថ្នាក់ឧត្តមសេនីយ៍ឈ្មោះ យិន គា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនៅចំណុច ផ្ទះវីឡាមួយកន្លែង ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕

មតិយោបល់